(ភ្នំពេញ)៖ រដ្ឋាភិបាលម៉ិចសិកូ បានបង្ហាញបំណងចង់ពង្រីកចំណងមិត្តភាព និងទំនាក់ទំនងជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត។ ដើម្បីពង្រីកទំនាក់ទំនងនេះ រដ្ឋាភិបាលម៉ិចសិកូ ចង់បង្កើតស្ថានអគ្គកុងស៊ុលកិត្តិយសមួយនៅក្នុងរាជធានីភ្នំពេញ និងចង់ឲ្យមានការលើក លែងទិដ្ឋការលើលិខិតឆ្លងដែនផ្លូវការ និងលិខិតឆ្លងដែនរបស់មន្រ្តីទូត នៃប្រទេសទាំងពីរ។

ការបង្ហាញបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ មន្រ្តីក្រសួងការបរទេសកម្ពុជា និងលោកស្រី Sara Valdes Balano ឯកអគ្គរដ្ឋទូតម៉ិចសិកប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុង ប្រទេសវៀតណាម នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ។ ជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ឆ្លើយតបសំណើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបើកចំហរការធ្វើទំនាក់ទំនងគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងម៉ិចសិកូ ហើយកម្ពុជា នឹងយកសំណើទាំងពីរនេះ ទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។

លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញក្តីរំពឹងទុកថា សំណើទាំងពីរ នឹងជួយជំរុញភ្ញៀវទេសចរម៉ិចសិកូ ចូលកម្សាន្តនៅកម្ពុជាឲ្យបានកាន់តែច្រើន ថែមទៀត។

រដ្ឋាភិបាលម៉ិកសិកូ ក៏បានបង្ហាញបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអប្សរា និងវិចិត្រសិល្បៈ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងសិល្បៈរបស់ម៉ិកសិកូ ដើម្បីពង្រីកទំនាក់លើវិស័យសិល្បៈ និងវប្បធម៌ប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី Sara Valdes Balano៕