(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំអឌ្ឍមាសរបស់ខ្លួន នៅសាលប្រជុំនៃរដ្ឋាករទឹកភ្នំពេញ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះ។

កិច្ចប្រជុំត្រូវបានរៀបចំឡើង ក្រោមរបៀវារៈ ៤ ក្នុងនោះរួមមាន​ ទី១-ការប្រកាសតែងតាំងមុខតំណែងថ្មី​ដល់មន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្មចំនួន ១៤រូប ។ ទី២ ការកែសម្រួលភារកិច្ចថ្នាក់ដឹកនាំ ទទួលបន្ទុកលើកិច្ចការ​របស់នាយក​ដ្ឋាននីមួយៗ និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត។ ទី៣-ការប្រកាសពីលទ្ធផល នៃការបោះឆ្នោតសម្ងាត់ស្ទាបស្ទង់ មតិវាយតម្លៃពីភ្នែកមហាជន។ ទី៤,ការត្រៀមរៀបចំពិធីសម្ពោធប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត​នៅទីរួមខេត្ត​បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​និង ទី៥-របាយការណ៍វឌ្ឍនភាព នៃការ​ងារ របស់អគ្គនាយកដ្ឋាន​នីមួយៗ ។

គួររំឭកផងដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំឲ្យមានការបោះឆ្នោតជាសម្ងាត់ ក្នុងចំណោមមន្ត្រីរាជការទាំងអស់​នៅក្នុងក្រសួង ដើម្បីធ្វើការវាយតម្លៃ​​លើការងារដឹកនាំ គ្រប់គ្រង និងការងារបច្ចេកទេស របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប​នៅ​ក្នុងក្រសួង។ ការបោះឆ្នោតនេះ បានផ្តល់ឱកាសឲ្យមន្ត្រីរាជការ នៅតាមនាយកដ្ឋាននីមួយៗ អាចបញ្ចេញ​មតិជាសម្ងាត់ និងយុត្តិធម៌ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ទៅលើអត្តចរិក សីលធម៌ និងការងារដឹកនាំ គ្រប់គ្រង​របស់មេកើយ និងមន្រ្តីនានា​នៅតាមអង្គភាពរបស់ខ្លួន។ លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញឲ្យឃើញពីពិន្ទុ វាយតម្លៃលើការងារដឹកនាំ គ្រប់គ្រង របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំនាយកដ្ឋាន ថាតើបុគ្គល​រូបណា​​មានការពេញចិត្ត និងបុគ្គលរូបណាមានការ​មិនពេញចិត្ត ពីសំណាក់មន្រ្តីក្រោមឱវាទ​របស់ខ្លួន។

តាមលទ្ធផល​នៃការបោះឆ្នោត បានបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋាន មួយចំនួនធំបានទទួលការពេញចិត្ត​ពីមន្រ្តីក្រោមឱវាទរបស់ខ្លួន។ ដោយឡែកក៏មានថ្នាក់ដឹកនាំ របស់នាយកដ្ឋានមួយចំនួនតូច ទទួលបានការមិនពេញពីមន្រ្តីក្រោមឱវាទ របស់ខ្លួនផងដែរ។

ថ្លែងក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលទទួលបានការពេញ​​ចិត្តច្រើន ហើយស្នើឲ្យ​បន្តការងារ​របស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ លោកក៏បានដាស់តឿន និងក្រើនរំឭក ចំពោះមន្រ្តីដែលទទួលបានការ​មិនពេញចិត្តច្រើន ត្រូវឆ្លុះកញ្ចក់ ងូតទឹក និងដុះក្អែល ព្រមទាំងធ្វើការប្រែឡើងវិញ​ទាំងអត្តចរិក និងការងារគ្រប់គ្រងដឹកនាំ​ ជៀសវាងការថ្នាំងថ្នាក់ពីមន្ត្រីថ្នាក់ក្រោម ដែលអាចឈានទៅ​ដល់ការវៈកាត់ណាមួយ នៅថ្ងៃអនាគត។ ការបោះឆ្នោតស្ទាបស្ទង់មតិនេះ នឹងត្រូវធ្វើឡើងរៀងរាល់១ឆមាសម្តង។

ការបោះឆ្នោតនេះ បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត និងការអនុវត្តយ៉ាងខ្ជាប់ខ្ចួន នូវអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ក្នុងគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់ សម្រាប់មន្ត្រីរាជការទាំងអស់អនុត្ត ហើយក៏ជាការដាស់ស្មារតីមួយដល់មន្ត្រី​រាជការគ្រប់រូប ឲ្យបំពេញការងាររបស់ខ្លួន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕