(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជា១ពាន់នាក់ បានចូលរួមដាំកូនឈើ នៅស្រុកស្វាយលើ នៅភូមិអង្កាញ ខេត្តសៀមរាប ក្នុងថ្ងៃបុណ្យរុក្ខទិវា ០៩ កក្កដា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងនៅកម្មវិធីរុក្ខទិវាខាងលើថា ព្រៃឈើ មានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយក ឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះ ព្រៃឈើបានជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្ដាក់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី និងផ្ដល់នូវផល អនុផលព្រៃឈើជាច្រើនអនេក ដល់ប្រជាពលរដ្ឋជាពិសេស រួមចំណែកដល់ការកាត់បន្ថយភាព ក្រីក្ររបស់សហគមន៍នៅជនបទ ។

លោកបានស្នើ ដល់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដោយសហការជាមួយ មន្ទីរទេសចរណ៍ខេត្ត បន្តជម្រុញយុទ្ធនាការ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម» ដើម្បីឲ្យចលនានេះអនុវត្តប្រកប ដោយប្រសិទ្ធិភាព និងសហការផ្សព្វផ្សាយកម្មវិធី យុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» ឲ្យបានគ្រប់ច្រកល្ហក ព្រមទាំងកំណត់ទីតាំងអាទិភាព សម្រាប់ការដាំដើមឈើ របស់ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដែលបានមកទស្សនានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕