(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល របស់ក្រសួងពាណិជ្ជកម្ម គ្រោងនាំចូលរថយន្តបំពាក់ឧបករណ៍ ចល័តលើការ ពិសោធន៍រកសារធាតុគីមី និងមេរោគនៅក្នុងម្ហូបអាហារ នៅតាមខេត្ត តំបន់ដាច់ស្រាយល និងនៅតាមទីជនបទ ពីព្រោះពេលបច្ចុប្បន្ននេះ ខាងអគ្គនាយកដ្ឋានកាំកុងត្រូល មិនទាន់មានឧបករណ៍ចល័តនេះនៅឡើយទេ។

លោក សិុន សីុដេត ប្រធាននាយកដ្ឋានពិសោធន៍ នៃអគ្គនាយកដ្ឋានកាំក្រូល បានប្រាប់ភ្នាក់ងារ Fresh News ថា «ក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូលនោះ យើងបាននិងកំពុងខិតខំយ៉ាងខ្លាំង លើការត្រួតពិនិត្យ ហើយពិសោធន៍ស្វែងរកសារធាតុគីមី និងមេរោគបង្កជម្ងឺ នៅក្នុងម្ហូបអាហារកាន់តែមានប្រសិទ្ធនោះ រថយន្តបំពាក់ឧបករណ៍ចល័តនឹងត្រូវនាំចូលពីបរទេស នាពេលឆាប់ៗខាងមុខនេះ យ៉ាងយូរនៅចុងឆ្នាំ២០១៦នេះ»

លោក សិុន សីុដេត បានបញ្ជាក់ថា «ដើម្បីបង្កើនសមត្ថកិភាពត្រួតពិនិត្យម្ហូបអាហារ និងផ្តល់សេវាត្រួតពិនិត្យសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខុមាលភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម គ្រោងនឹងបំពាក់មន្ទីរពិសោធន៍ចល័ត​ សម្រាប់វិភាគម្ហបអាហារឆាប់ៗនេះ»

លោកបានបន្តថា មន្ទីរពិសោធន៍ចល័តនោះ ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

ទី១-ផ្តល់សេវាត្រួតពិនិត្យ និងវិភាគជូនដល់ប្រជាពលរដ្ឋ អាជីវករនៅតំបន់ជនបទ
ទី២-ចល័ត និងធ្វើការវិភាគម្ហូបអាហារគ្រប់ទីកន្លែង ដោយលទ្ធផលវិភាគទទួលបានលឿន និងអនុញ្ញាតឲ្យមន្រ្តីកាំកុងត្រូល អាចវិធានការទាន់ពេលវេលា ដូចជាការដកហូតទំនិញ ឫទប់ស្កាត់ការចរាចរទំនិញលើទីផ្សារ និងទី៣-ចូលរួមស្រាវជ្រាវ លើករណីកើតឡើងជាបន្ទាន់ និងស្រាវជ្រាវលើករណីពុលអាហារ​ ដែលកើតមានឡើងជាញឹកញាប់។

ជាមួយគ្នានេះ លោក សិុន សីុដេត បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ បញ្ឈប់ជាបន្ទាន់ លើការលួចនាំចូល និងដាក់លក់ទំនិញដែលខូចគុណភាព ហើយហួសកាលបរិច្ឆេទប្រើប្រាស់ពីព្រោះ វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង នៅពេលទៅទិញយកមកប្រើប្រាស់៕