(អារ៉ាប៊ី សាអូឌីត)៖ ទីក្រុងសក្ការៈដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត មានឈ្មោះថា Medina បាន ទទួលរងគ្រោះដោយសារតែការបំផ្ទុះគ្រាប់បែកនៅជាប់នឹងរបងព្រះវិហារអ៊ីស្លាមដ៏ធំមួយ ដែលបានបណ្តាលឲ្យ កងកម្លាំងសន្តិសុខ ០៤នាក់ស្លាប់ និង ០៥នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។

យោងតាមសម្តីមន្ត្រីប៉ូលិសនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យបានយកគ្រាប់បែកមកទម្លាក់នៅក្បែរ ព្រះវិហារ ដែលក្រុមសាសនិកអ៊ីស្លាមជាច្រើនកំពុងតែប្រារព្ធពិធី ក្នុងទីក្រុង Medina។ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក៏មានទីក្រុងចំនួនពីរ ទៀតដែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះផងដែរ បានទទួលរងការបំផ្ទុះគ្រាប់បែប ដែលសរុបក្នុងមួយថ្ងៃ គឺមានការបំផ្ទុះចំនួនបីដងឯណោះ ប៉ុន្តែប៉ូលិស អារ៉ាប៊ី សាអូឌីត នៅមិនទាន់បង្ហាញពី សញ្ញានៃជនឬក្រុមសង្ស័យ ដែលបានប្រព្រឹត្តទង្វើនេះឡើយ។

យ៉ាងណាក៏ដោយ អ្នកតាមដានព័ត៌មានរបស់ BBC ប្រចាំការនៅ អារ៉ាប៊ី សាអូឌីត បានសង្ស័យថា នេះជាទង្វើរបស់ ក្រុមសកម្មប្រយុទ្ធ ISIS។ សាក្សីនៅកន្លែង កើតហេតុ បានផ្តល់បទសម្ភាសន៍ថា ការផ្ទុះបានលាន់ឮឡើងយ៉ាងកក្រើកបំផុត ហើយវាដូចជាអគារមួយដែលត្រូវគេបំផ្ទុះកម្ទេចចោលអីចឹង៕