(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបង្ហាញបំណងចង់ឃើញវិស័យឯកជននៅកម្ពុជា ចូលរួមផ្តល់ឱកាសការងារជូនជនពិការឲ្យបានកាន់តែច្រើន ដូចក្រុមហ៊ុនឯកជននានានៅក្នុងប្រទេសជប៉ុន ដើម្បីលើកកម្ពស់ជីវភាព ជនពិការឲ្យ កាន់តែល្អប្រសើរ។

ការបង្ហាញបំណងចង់ឃើញបែបនេះបានស្តែងឡើងក្នុងពេលលោក ឯម ច័ន្ទមករា រួមនិងប្រតិភូក្រុមប្រឹក្សាសកម្មភាពជនពិការដឹកនាំ ដោយលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានចុះទៅទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុន ឯកជននានា នៅក្នុងប្រទេសជប៉ុន ដែលបានចូលរួមផ្តល់ការងារដល់ជនពិការ។

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រតិភូក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា រួមនិងជនពិការកម្ពុជាមួយចំនួនផងនោះបានចុះ ទៅទស្សនកិច្ចសិក្សា និងស្វែងយល់នៅក្នុងភោជនីដ្ឋានមួយឈ្មោះថា ATALATA ក្នុងទីក្រុងសិនដៃ ប្រទេសជប៉ុន។ ភោជនីដ្ឋានមួយនេះ បានផ្តល់ការងារជូនដល់ជនពិការជប៉ុនប្រមាណ ២០នាក់ ក្នុងចំណោមបុគ្គលិកជាង ៥០នាក់នៅក្នុងភោជនីយដ្ឋាន។

លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសជប៉ុនថា លោក ស៊ីម៉ាដាក់ ម្ចាស់ភោជនីដ្ឋាន ATALATA គឺជាអ្នកជំនួញម្នាក់នៅក្នុងប្រទេសជប៉ុន ដែលបានគិតគូរដល់ជនពិការជប៉ុន និង ជនពិការកម្ពុជាផងដែរ។ សព្វថ្ងៃលោកមានភោជនីយដ្ឋាន សណ្ឋាគារ និងមុខជំនួញជាង៤០ សម្រាប់ផ្តល់ការងារដល់ជនពិការនៅប្រទេសជប៉ុន។ លោក ស៊ីម៉ាដាក់ ក៏បានផ្តល់ថវិកាប្រមាណ ៦០ម៉ឺនដុល្លារ គាំទ្រដល់គម្រោងផលិតនំរបស់ជនពិការនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ប្រតិភូក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា កំពុងបំពេញទស្សនកិច្ចតាមបណ្តាក្រុមហ៊ុននានា នៅក្នុងប្រទេសជប៉ុន។ ក្នុងដំ ណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ ធ្វើឡើងក្នុងបំណងសិក្សាស្វែងយល់ និងដកស្រង់ពិសោធន៍មួយចំនួន នូវកិច្ចសហការគ្នារវាងវិស័យ ឯកជន និង អាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឱកាស និង លទ្ធភាពការងារដល់ក្រុមជនពិការ។

លោក ឯម ច័ន្ទមករា បានបង្ហាញការស្ញប់ស្ញែងខ្លាំងដល់បណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសជប៉ុន ដែលបានចូលរួមយកចិត្តទុកដាក់ ផ្តល់ការងារ និងគិតគូរពីស្ថានភាពរស់នៅរបស់ជនពិការ។

តាមច្បាប់ស្តីពីពិការភាពរបស់កម្ពុជា បានចែងថា ក្រុមហ៊ុនឯកជននានា ត្រូវផ្តល់ការងារដល់ជនពិការឲ្យបានមួយភាគរយនៃចំនួន បុគ្គលិកសរុប តែបច្ចុប្បន្នក្រុមហ៊ុនឯកជនហាក់មិនទាន់ អនុវត្តទៅតាមច្បាប់នេះនៅឡើយទេ។ លោក ឯម ច័ន្ទមករា បានបញ្ជាក់ប្រាប់ Fresh News ថា ក្រោយពេលបានឃើញស្មារតីចូលរួមយកចិត្តទុកដាក់ពីវិស័យឯកជននៅក្នុងប្រទេសជប៉ុន លោកពិតជារំភើប និង រីករាយជំនួស ជនពិការជប៉ុន។

តាមអង្គភាព Fresh News លោកអគ្គលេខាធិការវ័យក្មេងរូបនេះ បានសម្តែងក្តីរំពឹងទុកថា ក្រុមហ៊ុនឯកជននៅកម្ពុជានឹងយកគំរូតាម វិស័យឯកជននៅក្នុងប្រទេសជប៉ុន ផ្តល់ឱកាសការងារកាន់តែច្រើនថែមទៀត ដល់ជនពិការរបស់កម្ពុជា ដើម្បីជួយឲ្យស្ថានភាពជីវភាព និងការ រស់នៅរបស់ជនពិការបានល្អប្រសើរ។

លោក ឯម ច័ន្ទមករា ក៏បានឲ្យដឹងផងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស ក៏គ្រោងនឹងជួបពិភាក្សាជាមួយវិស័យឯកជននានា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញឲ្យក្រុមហ៊ុនឯកជនទាំងនោះ ផ្តល់ឱកាសការងារ ជូនជនពិការឲ្យបានកាន់តែច្រើន៕