(ប៉េកាំង)៖ បើគិតមកទល់នឹងព្រឹកថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះទឹកជំនន់ ដែលបង្កឡើងដោយប្រព័ន្ធ សម្ពាធទាបវាយប្រហារ ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិននោះ បានឆក់យកជីវិតមនុស្ស ១៨០នាក់ហើយ ខណៈរាប់សិបនាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច។

ភ្លៀងធ្លាក់ក្នុងកម្រិតពី ១០ ទី ៥០សង់ទីម៉ែត្រ បានសាយព្រាចពាសពេញខេត្តចំនួន ០៧នៅភាគកណ្តាល និង ភាគ ខាងត្បូងប្រទេសចិន បណ្តាលឲ្យទឹកទន្លេ យ៉ាងត្សេ (Yangtze) កើនឡើងលើសកម្រិតប្រកាសអាសន្ន និងកំពុងបង្កការលិចលង់ពាសពេញតំបន់ខាងលើនេះតែម្តង។ យ៉ាងហោចណាស់មនុស្ស ៤៥នាក់ នៅបន្តបាត់ខ្លួននៅឡើយ ស្របពេលដែលប្រជាជនក្នុងតំបន់ ៣៣លាននាក់ កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ អគារសាធារណ សាលារៀន និង មន្ទីរពេទ្យជាដើម បានទទួលរងការខូចខាត និងខ្លះត្រូវបិទទ្វារជាបណ្តោះអាសន្ន។ អាជ្ញាធរបានប្រកាសថា ភ្លៀង នឹងបន្តធ្លាក់យ៉ាងសន្ធប់រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ហើយប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តជាង ១០ ត្រូវបានអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត។

មិនទាន់មានការគណនាពីការខូចខាតជារួមនៅឡើយទេ ខណៈការខូចខាត និងមនុស្សបាត់បង់ជីវិតអាចនឹងបន្ត កើនឡើងបន្ថែមទៀត៕