(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបង្ហោះរូបថតជួបជុំសាច់ញាតិ ដ៏កម្រមួយជាសាធារណៈ។ ជារូបថតដែលមានសាច់ញាតិរបស់សម្តេច ទាំងខាងឪពុកត្រកូល ហ៊ុន ទាំងខាងម្តាយ ត្រកូល ឌី។ សម្តេចតេជោ បានបង្ហាញរូបថត មួយសន្លឹកនេះ ក្នុងគោលបំណង ដើម្បីយកទៅរក្សាទុក និងដើម្បីឲ្យបងប្អូនជនរួមជាតិ​ ឱ្យស្គាល់ពីស្ថានភាពឆ្នាំ១៩៧៩ របៀបណាដើម្បីប្រៀបធៀបជាមួយពេលពេលបច្ចុប្បន្ននេះ។

យោងតាម Page Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅព្រឹកនេះ បានឲ្យដឹងថា «ខ្ញុំបង្ហោះរូបថតដ៏កម្រនេះ ក្នុងបំណងចែករំលែក ដល់សាច់ញាត្តិរបស់ខ្ញុំ ទាំងខាងឪពុកត្រកូលហ៊ុនទាំងខាងម្តាយត្រកូលឌី ដើម្បីយកទៅរក្សាទុក។ ម៉្យាងក៏ចង់បង្ហាញសំរាប់បងប្អូនជនរួមជាតិ ឱ្យស្គាល់​ពីស្ថានភាពឆ្នាំ១៩៧៩ របៀបណាដើម្បីប្រៀបធៀប ជាមួយពេលពេលបច្ចុប្បន្ននេះ។ ពីឆ្វេងទៅស្តាំ ឪពុកខ្ញុំ ហ៊ុន នាង ម្តាយខ្ញុំ ឌី ប៉ុក មា្តយធំ ឌី ប៉ែត យាយតែម ប្អូនយាយបង្កើត។ ជីដូនខ្ញុំ រូបខ្ញុំ ភរិយាខ្ញុំ និងស្ត្រីម្នាក់ទៀតជាបងប្អូនជីទួតមួយខ្ញុំ។ ឯកូនក្មេងគឺ ហ៊ុន ម៉ាណែត ដែលទើបមានអាយុ២ឆ្នាំ។ ពេលនោះខ្ញុំទើបមានអាយុ២៧ ឆ្នាំឯភរិយាខ្ញុំមានអាយុ២៥ឆ្នាំ។ ឯជីដូនខ្ញុំពេលនោះមានព្រះជន្ម៨៩ឆ្នាំ និងមរណៈកាលឆ្នាំ១៩៨១ ក្នុងព្រះជន្ម៩១ឆ្នាំ»

គួរកត់សំគាល់ថា កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបថតចាស់ៗ ជាបន្តបន្ទាប់ ដូចជា រូបថតកំរងអនុស្សាវរីយ៍ជាមួយ សម្តេច កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ជាដើម។ ហើយនេះគឺជាលើកទី១ ដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបថតដែលបង្ហាញពីសមាជិកគ្រួសារ របស់សម្តេចតេជោ ដែលមានសមាសភាពខាងឪពុកត្រកូល ហ៊ុន ទាំងខាងម្តាយ ត្រកូល ឌី ដែលជាញាតិរបស់សម្តេចតេជោ ហ៊ុន សែន៕