(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុរាសី បានប្រកាសសាលក្រមលើសំណុំរឿង «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចវាលស្មៅព្រៃត្រែង ស្ថិតនៅដីឡូមួយកន្លែង ខាងកើតស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ដោយសម្រេចឲ្យសង្សារមួយគូ ដែលខាងប្រុសត្រូវជាប់គុកពេញមួយជីវិត និងខាងស្រីត្រូវជាប់គុក៣៥ឆ្នាំ។

ការប្រកាសសាលក្រមនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ដោយជនជាប់ចោទឈ្មោះ អ៊ូច ស្រីរ័ត្ន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរស្រីខារ៉ាអូខេ សាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយ:ពេល៣៥ឆ្នាំ និងជនជាប់ចោទឈ្មោះ ធឿន គីម ភេទប្រុសអាយុ២២ឆ្នាំ ត្រូវជាសង្សារ មុខរបរបុគ្គលិកសន្តិសុខក្រុមហ៊ុន ISA សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សាលក្រមតម្រូវឲ្យជនជាប់ចោទ សងជំងឺចិត្តទៅដើមបណ្តឹង ដែលជាម្តាយជនរងគ្រោះឈ្មោះ ស៉ិម ស្រីអាន ទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា សំណុំរឿងឃាតកម្មគិតទុកជាមុននេះ បានបើកសវនាការជំនុំជម្រះ កាលពីព្រឹកថ្ងៃទី១៧ មិថុនា ខែ២០១៦។ ក្នុងសវនាការជនជាប់ចោទឈ្មោះ អ៊ូច ស្រីរ័ត្ន បានឆ្លើយសារភាពថាខ្លួន ជាអ្នកស្គាល់ជនរងគ្រោះឈ្មោះ យ៉ុន តុលា (ស្លាប់) ហើយបានបបួលគេទៅច្រៀងខារ៉ាអូខេ នៅខាងកើតស្ពានជ្រោយចង្វារ ហើយពេលនោះខ្លួនបាននាំជនរងគ្រោះ ទៅរួមភេទនៅព្រៃត្រែង។ ពេលកំពុងរួមភេទឈ្មោះ ធឿន គីម ដែលជាសង្សារ បានទៅវាយជនរងគ្រោះបួនប្រាំដំបង បណ្តាលឲ្យស្លាប់ភ្លាម។

តាមចម្លើយសារភាពបន្តទៀតថា នេះជាគម្រោងរបស់គេនិងសង្សារ បានរៀបចំរយ:ពេលជាងកន្លះខែមកហើយ ដើម្បីប្លន់យកម៉ូតូ Dream C125 ពាក់ស្លាកលេខ ព្រៃវែង 1.G4022 យកមកលក់ចែកលុយគ្នាចាយ។

ជនជាប់ចោទឈ្មោះ ធឿន គីម ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខក្រុមហ៊ុន ISA បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះមែន ដែលស្រីរ័ត្ន ជាសង្សាជាអ្នកឲ្យខ្លួនសម្លាប់៕