(ពោធិ៍សាត់)៖​ បុរសម្នាក់ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់​ បានធ្វើសកម្មភាពបាញ់ប្រហារស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ​ ខណៈពេលកំពុងមើលទូរទស្សន៍ជាមួយប្រពន្ធ។

ហេតុការណ៍បាញ់ប្រហារនេះ​ កើតឡើងនៅយប់ថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិព្រែកតាគង់​ ឃុំអន្លង់វិល​ ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះឈ្មោះ​ ឈឹម​ យិន​ អាយុ៣៤ឆ្នាំ​ កំពុងតែអង្គុយមើលទូរទស្សន៍ ជាមួយប្រពន្ធឈ្មោះ​ ប៊ុត​ សារុន​ អាយុ៣៦ឆ្នាំ​ នៅក្នុងផ្ទះបាយ​ ស្រាប់តែមានជនសង្ស័យម្នាក់ បានចូលមកបាញ់ជនរងគ្រោះទាំងកម្រោល​ បណ្ដោយឱ្យត្រូវរបួសចំភ្លៅខាងស្ដាំងមួយគ្រាប់​ ក្រោមដោះស្ដាំមួយគ្រាប់​ លើដោះស្ដាំមួយគ្រាប់​ ស្លាបក្រចៀវឆ្វេងមួយគ្រាប់​ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ​ មន្ដ្រីនគរបាលបានទៅដល់កន្លែងកើតហេតុភ្លាមៗ​ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យ​ មកផ្ដន្ទាទោសតាមច្បាប់៕