(ប៉ារីស)៖​ មនុស្សជាង១ពាន់នាក់ ត្រូវបានឃុំខ្លួន ដោយកងកម្លាំងសន្តិសុខបារាំង ចាប់តាំងពីការបើកព្រឹត្តិការណ៍បាល់ទាត់ Euro 2016 កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។ នេះបើតាមសម្តីលោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី៤ ខែកក្កដានេះ។

«ចាប់តាំងពីចាប់ផ្តើមការប្រកួត កងកម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្សជាង១,០០០នាក់ ជាលទ្ធផលមាន៦០០នាក់ ត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំងរបស់ប៉ូលិស និង៥៦នាក់ត្រូវបានផ្តន្ទាទោស» នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី។

លោកបន្ថែមថា មានកងកម្លាំងប្រមាណ៩០,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខ នៅព្រឹត្តិការណ៍​ Euro 2016 ក្នុងនោះរួមទាំង៧២,០០០នាក់ ជាមន្ត្រីប៉ូលិស និងកងអាវុធហត្ថ។ សរុបមានមនុស្ស៣៤នាក់ ត្រូវបាននិរទេសចេញពីបារាំង ក្នុងនោះរួមទាំងអ្នកដែលបង្កការប៉ះទង្គិចដោយហិង្សា រវាងអ្នកគាំទ្រអង់គ្លេស, រុស្ស៊ី និងអ្នកគាំទ្របារាំង នៅទីក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែមិថុនា ជាមួយនឹងមនុស្ស៣០នាក់ បានទទួលរងរបួស ការបង្កចលាចលនេះ៕