(ភ្នំពេញ)៖ ឥណ្ឌា បានស្នើកម្ពុជា ឲ្យបើកការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត។

សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំនៅកម្ពុជា លោក Naveen Srivastava នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងលើកយកសំណើនេះទៅពិភាក្សានិងពិចារណា ជាមួយក្រសួងទេសចរណ៍។

ការបើកហោះហើរត្រង់នេះ ត្រូវបានរំពឹងថា នឹងជួយវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌា នឹងកាន់តែល្អប្រសើរ ជាពិសេសជំរុញភ្ញៀវទេសចរឥណ្ឌាមកលេងកម្ពុជាកាន់តែច្រើនថែមទៀត។

លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរឥណ្ឌា បានជិត ៤ម៉ឺននាក់ ខណៈប្រទេសថៃ ទទួលភ្ញៀវទេសចរណ៍ឥណ្ឌា បានរហូតដល់ ១លាននាក់៕