(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រើប្រាស់វេទិកាចែកសញ្ញាបត្រដល់សិស្ស-និស្សិត ថ្លែងទៅកាន់មិត្តភក្តិបរទេស ដោយសង្ឃឹមថាមិត្តភក្តិទាំងនោះ នឹងមិនគាំទ្រដល់ចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលខិតខំរកមកបានដោយលំបាកនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាដ៏កម្សត់មួយនេះ បានឆ្លងកាត់នូវទុក្ខវេទនានៃភ្លើងសង្គ្រាម ស្លាប់ប្រជាពលរដ្ឋរាប់លាននាក់ ដូច្នេះកម្ពុជានឹងមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលចង់បំផ្លាញសន្តិភាព នាំកម្ពុជាទៅរកភ្លើងសង្គ្រាមវិញនោះទេ ទោះក្នុងតម្លៃណាក៏ដោយ។

បើទោះបីជាសម្តេចមិនបញ្ជាក់ចំៗឈ្មោះមិត្តបរទេស និងមូលហេតុដែលនាំឲ្យសម្តេចលើកយកបញ្ហានេះមកនិយាយក្តី តែគេអាចសម្គាល់នូវស្ថានភាពចុងក្រោយនៅកម្ពុជាថា សំដៅលើសាលក្រមផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ​កំណត់​រយៈពេល ២៧ឆ្នាំ ពីបទ​សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នា​ជាមួយ​បរទេស ដែលសាលក្រមនេះត្រូវបានប្រទេសមួយចំនួន បង្ហាញនូវក្តីមិនពេញចិត្ត ប៉ុន្តែផ្ទុយទៅវិញសាលក្រមនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សន្តិភាព។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីគោលបំណងរបស់សម្តេចដែលបង្ហោះនូវវីដេអូខ្លីមួយ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការចុះហត្ថលេខា លើសេចក្តីប្រកាសរួមលទ្ធផលនៃការចរាច Fère-en-Tardenois (ហ្វែអង់តាដឺន័រ) ប្រទេសបារាំង រវាងសម្តេច និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ចង់បង្ហាញដល់ជនបរទេស ដែលមិនមែនជាខ្មែរ សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរខ្លួនឯង ពេលមានសង្គ្រាមខ្មែរស្លាប់ ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលខ្មែរអស់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «វាលសង្គ្រាមនេះ គឺសង្ឃឹមថានឹងមិនមានអនុភាពប្រតិក្រិយា [បតិកិរិយា] (ប្រតិកម្ម) ណាធ្វើឲ្យកម្ពុជា វិលត្រឡប់ទៅរកសង្គ្រាមឡើងវិញនោះទេ ព្រោះច្បាស់ណាស់ យើងមិនអត់ឱនសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជា យើងយល់ យើងដឹងអំពីបំណងរបស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្តល់ក្តីកង្វល់ចំពោះយើង តែយើងក៏សុំប្រាប់ទៅអ្នកទាំងអស់ ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កម្សត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្គ្រាមក្នុងប្រទេសយើងកាលពីពេលមុន សង្ឃឹមថាអ្នកនឹងមិនដុតកម្លោច ដោយជួយផ្ចុងផ្តើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសន្តិភាព នៅក្នុងប្រទេសរបស់យើង ហើយបង្កើតឡើងវិញនូវសង្គ្រាម ដែលក្នុងពុទ្ធទំនាយរបស់យើង និងដែលយើងបាននិយាយនៅពេលនេះ គឺទាក់ទងនឹងការឆ្លងកាត់វាលបី»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ខ្ញុំបានបង្ហោះនូវវីដេអូខ្លីមួយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ដែលមាននោះខ្ញុំទើបមានអាយុ ៣៥ឆ្នាំប៉ុណ្ណោះ ដែលជាវីដេអូបន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសរួម ហ្វ៊ែអង់តាឌឺណរ ប្រទេសបារាំង រវាងខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាពេលចរាចជាមួយគ្នា ចេញសេចក្តីប្រកាសរួមមួយ។ ការបញ្ចេញនូវវីដេអូខ្លីនេះ គឺចង់បង្ហាញដល់អ្នកដទៃ ដែលមិនមែនជាខ្មែរ សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរទៅទៀត ពេលខ្មែរស្លាប់ ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលយើង ហើយទុកឲ្យពួកយើងស្ថិតក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែនៅពេលដែលមានសន្តិភាព គេបែរជាបង្ហោះនូវកង្វល់ព្រួយបារម្ភជួសយើង ទៅលបញ្ហានេះបញ្ហានោះ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ និងគិតគូរដល់កង្វល់របស់យើងពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាព និងសង្គ្រាមនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមថាអ្វីដែលសម្តេចមានប្រសាសន៍ខាងលើនេះ អាចជាកាដាស់តឿនដល់ជនបរទេស កុំកសាងនូវកំហុសទី៣ មកដល់កម្ពុជាជាថ្មី ព្រោះប្រទេសដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យមួយចំនួន ធ្លាប់បានប្រព្រឹត្តកំហុសចំនួន ២លើករួចមកហើយ លើប្រទេសដ៏អភ័ព្វមួយនេះ។

កំហុសទី១ គឺប្រទេសដែលតាំងខ្លួនប្រជាធិបតេយ្យ ប៉ុន្តែមិនស្មានថាបែរជាគាំទ្ររដ្ឋប្រហារយោធា នៅទីក្រុងភ្នំពេញ ទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ នៅឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារបើកផ្លូវ ឲ្យមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្លាប់ប្រជាជនខ្មែររាប់លាននាក់។

សម្រាប់កំហុសទី២ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ រហូតដល់ទៅជាង១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបានបង្ហាញការសោកស្តាយនូវឥរិយាបទការបរទេសរបស់ខ្លួន មកដល់កម្ពុជានោះទេ ដោយមើលមិនឃើញពីទុក្ខវេទនា និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរឡើយ៕