(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៩៖៥០នាទីព្រលប់ នៅចំនុច​ក្រោយផ្សារ​កាណា​សីធី ស្ថិតក្នុងភូមិចោមចៅ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីកាប់ប្រហារ បណ្តាល​ឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស​។

ជនរងគ្រោះដែលស្លាប់​មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់​ មានស្រុកកំណើតនៅ ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួល ស្នាក់នៅបន្ទប់ជួល​ជិតកន្លែងកើត​ហេតុខាងលើ និងម្នាក់ទៀត ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាងសាមសិបឆ្នាំ មានស្រុកកំណើត​ជាមួយគ្នា (របួសស្រាល) បច្ចុប្បន្នកំពុងសម្រាក​ព្យាបាលនៅគ្លិនីកអង្គរ។

បើតាមសំដីអ្នកដែលឃើញហេតុការណ៌បានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះ​ទាំងពីរនាក់បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារ កាណាសីធី លុះមកដល់កន្លែងកើតហេតុ​ខាងលើក៏ស្រាប់​តែមានជនសង្ស័យចំនួន​៤នាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅ ២គ្រឿង មិនចាំសេរី និងស្លាកលេខ​មកដល់​ក៏កាប់មកលើ ជនរងគ្រោះពីក្រោយចំកញ្ចឹង-ក បណ្តាលឲ្យស្លាប់ពេលបញ្ជូន​ដល់មន្ទីពេទ្យ និងម្នាក់ទៀត ត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ កំពុងសហការជាមួយកម្លាំង​ការិយាល័យល័យជំនាញ ដើម្បីស្រាវជ្រាវរកជនដៃ​ដល់មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

ក្រោយកើតហេតុ សពត្រូវបានខាងជំនាញចុះមកធ្វើកោសល្យវិច្ច័យ​ និងប្រគល់ទៅឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រណៃ​ពីនៅស្រុកកំនើត​៕