(ប៉ៃលិន)៖​​ ក្នុងពិធីសំណេះសំណាលជាមន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ​ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលទាំងអស់ រឹតបន្តឹងលើការត្រួតពិនិត្យបញ្ហាចំណីអាហារ និងមុខទំនិញណា​ ដែលហាមឃាត់ និងធ្វើការណែនាំដល់ឈ្មួញ​ដល់អាជីវករ និង​ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីបញ្ហានេះ ។

លោក ​ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដូច្នេះថា ទោះជា​យ៉ាងណា មន្ត្រីពាណិជ្ជកម្ម​មិនមែន​ផ្តោត​តែ​លើ​ផលិតផល​ជាក់ស្ដែង​នោះទេ ឥឡូវនេះ​យើង​មាន​សេវាកម្ម​ល្អ​ មានបច្ចេកទេសថ្មីៗ​ ដែល​ទាំងនេះ​សុទ្ធ​តែមាន​សារសំខាន់​ខ្លាំង ​នា​ទសវត្សរ៍ទី​២១នេះ​។ សេដ្ឋកិច្ច​ដែល​ទទួលបាន​ជោគជ័យ​មួយចំនួន គឺជា​សេដ្ឋកិច្ច​ដែល​បាន​ត​ភ្ជាប់​ខ្សែសង្វាក់​តម្លៃ​ពិភពលោក ដែល​ទទួល​បានមកពី​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​។ ដូចនេះយើង​ត្រូវតែ​ធ្វើការ​សម្របសម្រួល ដើម្បី​ជ្រៀតចូល​ទៅក្នុង​ខ្សែសង្វាក់​គ្នា​ ដោយ​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​ មាន​លទ្ធផល​បំពេញបន្ថែម​ដល់​កម្ពុជា និង​មិន​ផ្ទុយ​ពី​តម្រូវការ​របស់​កម្ពុជាយើង​។

លោក សាន វិជ្ជាសារ៉ាវុធ​ ប្រធាន​សាខា​កាំកុងត្រូលខេត្តប៉ៃលិន​ បានអះអាងថា បច្ចុប្បន្នេះ លោកបានដាក់ផែនការជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ លើបញ្ហាទំនិញ និងចំណីអាហារ។ លោកបានថ្លែងថា បច្ចុប្បន្ននេះមន្ត្រីជំនាញសាខាកាំកុង​ខេត្តប៉ៃលិន​ បានធ្វើសកម្មភាព​ត្រួតពិនិត្យ​ នីហរ័ណ អារហ័ណ​ និងបង្ក្រាប​ការក្លែងក្លាយ ដោយ ១​-ការឃ្លាំមើលពិនិត្យតាមទីផ្សារ ​និងបង្ក្រាប​ទំនិញ​ក្លែងបន្លំ​ នៅតាមទីផ្សារ តាម​គេហដ្ឋាន តាំងលក់។ ២-​ការធ្វើតេស្ត​បឋម ស្វែងរកវត្តមានគីមី​​​ ​មានសាធាតុផ្សំ​ ផ្អក អាហារសមុទ្រ​ ស្រស់ត្រាំទឹក ប្រភេទសាច់ នានានាំចូល​ពីប្រទេសថៃ​​ ។ ៣-រាល់​មុខទំនិញ​ដែលមន្ត្រីយើង​ ដកហូតបានពីព​លរដ្ឋ អាជីវក ឈ្មួញ​ តាមគេហដ្ឋាន នានាក្នុងខេត្តប៉ៃលិន ហើយបាន​ប្រមូលដុតកម្ទេចចោលផងដែរ ។

ប្រធាមមន្ទីរពាណិជ្ជកម្មខេត្តថ្លែងថា មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រដ្ឋបាលខេត្ត និងក្រុមហ៊ុនសហគ្រាស បានចូលប្រជុំ និងពិភាក្សាជាអន្តរវិស័យ ដោះស្រាយបញ្ហាប្រឈម និងស្នើរសុំក្រសួងពាក់ព័ន្ធ ផ្តល់ភោត្តគាមនម័យ (S P S) ដល់ខេត្តគោលដៅ។ រដ្ឋបាលខេត្តប៉ៃលិន ស្នើសុំក្រសួងជួយសម្របសម្រួលឱ្យមានទីស្នាក់ការ នាំចេញកសិផលខេត្តគោលដៅមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីងាយស្រួលផ្តល់សេវាឲ្យរំកិលខិតជិត ដល់ក្រុមហ៊ុន​ សហគ្រាស និងពាណិជ្ជករ ឲ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកិច្ចព្រមព្រៀង កម្ពុជា- ថៃ ៕