(ភ្នំពេញ)៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) បានសហការជាមួយមជ្ឈមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នៃក្រសួងអប់រំ យុវជន និងកីឡា គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ នឹងចុះរៀបចំកម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថលចំនួន ៣វិទ្យាល័យ និង១សាលា នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យជាស៊ីមសន្ធរម៉ុក, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យជាស៊ីមចំរើនរដ្ឋ និងសាលាអន្តរជាតិបញ្ញាសាស្ត្រ។

តាមរយៈកម្មវិធីខាងលើ នឹងមានការចូលរួមពីសំណាក់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ក្នុងការធ្វើការសាកល្បង និងមានឱកាសអនុវត្តជាក់ស្តែងជាមួយក្រុមការងារលើដំណើរការពិសោធន៍ជាច្រើន និងមានការសាកសួរព័ត៌មាន ការផ្តល់ចំណេះដឹង ទាក់ទងនឹងបច្ចេកវិទ្យា Robotics និងCoding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃយ៉ាងស្វិតស្វាញ ដើម្បីជាប្រយោជន៍ក្នុងការផ្សារភ្ជាប់នឹងអ្វីដែលបានសិក្សារួច យកមកអនុវត្តផ្ទាល់។

គួរជម្រាបដែរថា កាលពីខែកុម្ភ: ឆ្នាំ២០២៣កន្លង ទៅកម្មវិធីអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការអប់រំឌីជីថល បានចុះទៅដល់វិទ្យាល័យមួយចំនួនហើយបានសម្រេចជាសមិទ្ធផលគួរឱ្យកត់សម្គាល់ ហើយកម្មវិធីនេះមិនគ្រាន់តែសម្រាប់សិស្សានុសិស្សដែលរៀនក្នុងថ្នាក់វិទ្យាសាស្រ្តប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ដែលត្រូវប្រឡូក ឱ្យបានសកម្មជាមុននៅក្នុងទីផ្សារការងារដែលប្រកបដោយការប្រកួតប្រជែង និងភាពមិនច្បាស់លាស់នាពេលអនាគត។ កម្មវីធីនេះគ្រោងធ្វើឡើងរយៈពេល ០៣ខែ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅគ្រប់គ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញ។

កម្មវិធីអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការអប់រំឌីជីថល ដោយផ្ទាល់នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗមានគោលដៅដូចជា៖ ផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបានឃើញ និងស្វែងយល់ លើដំណើរការពិសោធមួយចំនួនទាក់ទង នឹងមុខវិជ្ជាវិទ្យាសាស្រ្ត ដែលមាននៅក្នុងកម្មវិធីសិក្សា, អនុញ្ញាតឱ្យសិស្សានុសិស្សឡើងធ្វើការសាកល្បង និងអនុវត្តជាក់ស្តែង លើដំណើរការពិសោធមួយ ចំនួនដោយផ្ទាល់, លើកទឹកចិត្តឱ្យសិស្សស្វែងយល់ និងសាកសួរព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា Robotics និងCoding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ, បង្ហាញជូនដល់សិស្សានុសិស្ស នូវឃ្លាំងមាតិកាឌីជីថល (វីដេអូនៃការបង្រៀន និងកម្រងសន្លឹកកិច្ចការ) សម្រាប់លើកកម្ពស់ការរៀនសូត្រតាមបែបការអប់រំឌីជីថល។

ក្នុងកម្មវិធីនៃការបង្ហាញនិងការអនុវត្តជាក់ស្តែងស្តីពី `ការអប់រំវិទ្យាសាស្រ្តច្ចេកវិទ្យា និងការអប់រំឌីជីថល»នេះ បានលើកយកនូវមាតិកាធំៗចំនួន០៣ មកចែករំលែកមានដូចជា៖ Science Show (ការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត) Academic Practice (ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត) Robotic Show (ការអនុវត្ត computer coding ជាមួយ Robotic)។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការរីករាលដាល និងរាតត្បាតរបស់មេរោគកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍការអប់រំឌីជីថល។ បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់ររំពីចម្ងាយការបង្កើត និងរៀបចំវេទិកាឌីជីថល www.duraseksa.com សម្រាប់ការបង្ហោះចែកចាយមាតិកាឌីជីថលដែលបានផលិតរួច ក៏ដូចជាការអនុញ្ញាតឱ្យគ្រូ អាចបង្ហោះចែកចាយមាតិកាឌីជីថលដែលផលិតនៅតាមគ្រឹះស្ថានសិក្សាបន្ថែមទៀត៕