(ភ្នំពេញ​)៖​ ក្រោយ​ពី​មាន​​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ របស់​ Freshnews ក្រោម​ចំណងជើង​ថា​ «​មន្ត្រី​នគរបាល​ស័ក្តិ​៤កន្លះ​ ម្នាក់​ប៉ង​ធ្វើ​របង​រំលោភ​យក​ដី​ផ្លូវ​ ត្រូវ​អាជ្ញាធរ​ធ្វើ​ការ​ទប់ស្កាត់​»​ រួច​មក​ នៅ​ថ្ងៃទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៦នេះ​ មន្ត្រី​នគរបាល​ស័ក្តិ​៤កន្លះ​រូបនេះ​ បាន​ចេញ​មុខ​មក​បដិសេធ​ រាល់​ការ​ចោទប្រកាន់​ទាំង​អស់​នេះ​។

ការ​ចេញ​មុខ​មក​បដិសេធ​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ កន្លងទៅ​ បាន​ចុះ​ផ្អាក​សកម្មភាព​ក្រុម​ជាង​សំណង់​ ដែល​កំពុង​ជីក​រណ្ដៅ​ដាំ​បង្គោល​របង​ព្រំ​ដី​លើ​ដី​សាធារណៈ​ ស្ថិត​នៅ​ជាប់​របង​ខាង​កើត​វត្ត​គល់​ទទឹង​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ជុំ​ ភិរុណ​ ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ​ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អង្គរក្ស​ ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០២​ ខែ​កក្កដា​នេះ​ថា​ លោក​ពុំ​បាន​រំលោភ​បំពាន​ដី​សាធារណៈ​ដូច​ការ​ផ្សព្វផ្សាយ​នោះ​ទេ​។

លោក​ ជុំ​ ភិរុណ​ បញ្ជាក់​ថា​ លោក​ពុំ​បាន​នៅ​ពី​ក្រោយ​ខ្នង ​ឬ​ពាក់​ព័ន្ធ​ការ​រំលោភ​បំពាន​ដី​សាធារណៈ​នេះ​ទេ​។ លោក​ ជុំ​ ភិរុណ​ បាន​លើក​ជា​សំអាង​ហេតុ​ថា​ លោក​ពុំ​មែន​ជា​ម្ចាស់​ដី​ដែល​អាជ្ញាធរ ​ចុះ​ទប់ស្កាត់​នោះ​ទេ​ ពោល​គឺ​ លោក​មាន​មុខរបរ​បន្ថែម​មួយ​ទៀត​ គឺ​ជីក​ដី​លក់​ឲ្យ​អតិថិជន​ ។ ដូច្នេះ​អតិថិជន​តម្រូវ​ឲ្យ​ចាក់​ដី​ នៅ​ទីតាំង​ណា​ លោក​នឹង​ចាក់​នៅ​ទីតាំង​នោះ​ ហើយ​រឿង​រំលោភ​ផ្លូវ​សាធារណៈ​ ឬ​ មិន​ រំលោភ​ផ្លូវ​សាធារណៈ​ វា​ជា​រឿង​របស់​អ្នក​ដទៃ​។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ផ្តល់​ភាព​ស្អាត​ស្អំ​ដល់​រូប​លោក​ ព្រោះ​លោក​​ជា​នគរបាល​តែងតែ​គោរព​ច្បាប់​ជានិច្ច​ ពុំ​ហ៊ាន​បំពាន​ច្បាប់​ឡើយ​។

គួរ​រំលឹក​ថា​ លោក​ស្រេង គឹម​ស្រ៊ន​ ប្រធាន​ការិយាល័យ​ ធ្លាប់​បាន​បញ្ជាក់​ថា​​ ពេល​កម្លាំង​ចម្រុះ​ចុះ​មក​ដល់​គឺ​បាន​ឃើញ​ក្រុម​កម្មករ​សំណង់​ កំពុង​ធ្វើ​សកម្មភាព​ជីក​រណ្តៅ​ លើ​ផ្លូវ​សាធារណៈ ​ដែល​ផ្លូវ​នេះ​មាន​ទទឹង​១៥​ម៉ែត្រ​ ហើយ​ប្រជាពលរដ្ឋ ​កំពុង​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល ​ចេញពី​ចម្ការ​ ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​ ជា​រៀងរាល់ថ្ងៃ។

លោក ស្រេង គឹម​ស្រ៊ន បាន​បន្តទៀតថា​ ​ផ្លូវ​នេះ​ត្រូវបាន​លោក​អភិបាលខណ្ឌ ​ទទួលស្គាល់ថា​ជា​ផ្លូវ​មាន​សារ​សំខាន់បំផុត​ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ ធ្វើ​ដំណើរ​បាន​ងាយស្រួល ​ព្រោះ​មាន​ទទឹង​ដល់​ទៅ​១៥​ម៉ែត្រ​ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ ​កំពុង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ​ដាក់​បង្គោល​ភ្លើង​បំភ្លឺ ​ផ្លូវ​សម្រាប់ឲ្យ​ប្រជាពលរដ្ឋ​ បានធ្វើ​ដំណើរ​មាន​សុវត្ថិភាព​នៅពេល​យប់​។​

ក្នុង​ប្រតិបត្តិ​ការណ៍​ចុះទប់ស្កាត់ សកម្មភាព​ជីក​រំលោភ​យក​ផ្លូវ​សាធារណៈ​នេះ​ ក្រុម​ចម្រុះ​បាន​ដកហូត​ចបកាប់​ចំនួន​៥​ និង​ប៉ែល​ចំនួន១​ យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ ​ដើម្បី​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​ បន្តទៀត​៕