(ភ្នំពេញ)៖ នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យគ្រប់ស្ថាប័នសមាគមអតីតយុទ្ធជននៅទូ ទាំងរាជធានីខេត្ត ពន្លឿនការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនកម្ពុជា និងស្រង់ស្ថិតិអតីតយុទ្ធជនឲ្យច្បាស់លាស់ និងរកឲ្យឃើញអតីតយុទ្ធជន ដែលមានជីវភាពខ្សត់ខ្សោយខ្លាំង ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ។

ក្នុងកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៅទិសយោធភូមិភាគពិសេស នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា «តាមអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិ ក្នុងនោះត្រូវយកចិត្តទុកដាក់ការអនុវត្តគម្រោងសាងសង់ផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាក និងគ្មានផ្ទះសម្បែងរស់នៅ»

នាយឧត្តមសេនីយ៏ គន់ គីម បានបន្តថា ដើម្បីសម្រេចបាននូវកិច្ចការនេះ សមាគមគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសមាជិក ឲ្យបានច្បាស់លាស់ និងបន្តខិតខំកៀងគររកមូលនិធិ ជួយដល់សមាជិក ដែលជួបការលំបាកពិតប្រាកដ ដើម្បីសាងសង់ផ្ទះសម្បែងជូនពួកគាត់ មានកន្លែងរស់នៅសមរម្យ។

ក្នុងពិធីរំលឹកខួប៩ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាព ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន បានមកពីការបូជាសាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនកម្ពុជា។ សម្តេចតេជោ បានអំពាវនាវឲ្យសម្បុរសជនចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីរំលឹកខួបនោះ សប្បុរសជនបានចូលរួមផ្តល់ថវិកាជាង ១លានដុល្លារ សម្រាប់សាងសង់ផ្ទះ ៣៤៥ខ្នង ជូនអតីតយុទ្ធជន ដែលមានដីស្រាប់៕