(តាកែវ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន និងកិច្ចការសង្គម ដែលអះអាងថានាងនៅគាំទ្រ គណបក្សសង្រ្គោះជាតិបានប្រាប់ Fresh News ឱ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋដែលមានវ័យចាស់ជរាមួយចំនួន នៅស្រុកអង្គរបុរី បានទារប្រាក់៤ម៉ឺនៗរៀលពីរូបនាង នៅលើវេទិការសាធារណៈនៅខេត្តតាកែវ ដោយច្រឡំថា នាងជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានសន្យារផ្តល់ជូនកាលពីមុនពេលបោះឆ្នោត។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលមានវ័យចំណាស់ៗទាំងនោះ បាននិយាយថា កាលពីមុនពេលបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានប្រកាសថាផ្តល់ប្រាក់១០ដុល្លារ ឬ៤ម៉ឺនរៀល ជូនជនចាស់ជរានៅពេលដែលពួកគេបោះឆ្នោត ហើយអ្នកខ្លះទៀតបាននិយាយថា កាលពីឃោសនានោះ ថ្នាក់ដឹកនាំគណបក្សនេះ ក៏បានប្រកាសផ្តល់ប្រាក់១០ដុល្លារ ឬ៤ម៉ឺនរៀល ទៅដល់អ្នកដែលបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិដែរ ប៉ុន្តែរហូតដល់ពេលនេះពួកគាត់មិនទាន់ ទទួលបានប្រាក់ដែលពួកគេឮពីការសន្យា របស់ថ្នាក់ដឹកនាំបក្សនេះនៅឡើយ។

ទោះជាយ៉ាង Fresh News មិនទាន់អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់ ប្រជាពលរដ្ឋដែលបានលើកឡើងប្រាប់កញ្ញា ធី សុវណ្ណថា នាពេលនេះបាននៅឡើយទេ។ Fresh News ក៏មិនទាន់អាចរកការបកស្រាយពីមន្រ្តីគណបក្សប្រឆាំងបានផងដែរ។

សូមបញ្ជាក់ថា នៅមុនបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានកំណត់គោលនយោបាយ ៧ចំណុចក្នុងនោះមាន៖

១. ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ
២. កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
៣. មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀល ក្នុង១ខែ
៤. កសិករ ទទួលបានការធានាតម្លៃកសិផល (ស្រូវទាបបំផុត ១០០០៛/kg)
៥. ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
៦. យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ
៧. បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ជុះអត្រាការប្រាក់។ នេះបើតាមការផ្សព្វផ្សាយនៅលើគេហទំព័រ គណបក្សសង្រ្គោះជាតិ៕