(ត្បូងឃ្មុំ)៖ បុរសម្នាក់បើករថយន្ដ​Camry មួយគ្រឿង បុករះផ្ទះប្រជាពលរដ្ឋអស់៤ខ្នង និងខូចរថយន្ដ៣គ្រឿង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដនោះរបួសធ្ងន់ស្រាល២នាក់។

​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ កើតឡើងនៅយប់​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ លើកំណាតផ្លូវជាតិ​លេខ៧២ ស្ថិតក្នុងភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យថា មុខពេលកើតហេតុគេឃើញរថយន្ដម៉ាក Camry មួយគ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៤នាក់ទៀត ដោយបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដបានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋតាមដងផ្លូវអស់៤ខ្នង ដោយខូចខាតសំយាបផ្ទះខាងមុខ និងរថយន្ដ​៣គ្រឿងខូច​ខាតផងដែរ។

​លោកស្នងការ បានបន្ថែមថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដ Camry​ នោះ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្ក ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕