(សៀមរាប)៖ វគ្គផ្សព្វផ្សាយមួយ ស្តីពីសុវត្ថិភាពចំណីអាហារ ត្រូវបានចែកចេញជាប្រាំវគ្គ ធ្វើឡើងរយៈពេលពីរគ្នាជាប់គ្នា នៅចុងនិងដើមខែនេះ និងមានការចូលរួមពីអាជីវករលក់ដូរក្នុងសាលា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន៦៦០៨នាក់ មកពីសាលារៀនចំនួន៨ ក្នុងក្រុងសៀមរាប។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា វគ្គផ្សពផ្សាយទាំង៥វគ្គនេះ ត្រូវបានធ្វើនោះបរិវេណសាលាបឋមសិក្សាវត្តបូព៌ ក្នុងរបៀបវារៈមួយដែលរៀបចំជាវគ្គៗ តម្រូវទៅតាមកំរិតវប្បធម៌របស់សិក្ខាកាម ក្នុងបំណងបណ្តុះគំនិតយល់ដឹងជាសាធារណៈ អំពីផលវិបាកនៃការប្រើប្រាស់សាធាតុគីមីហាមឃាត់  របៀបនៃការគ្រប់គ្រងចំណីអាហារឲ្យមានសុវត្ថិភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងគ្រប់រូបភាពនៃធ្វើអាជីវកម្ម ចំណីអាហារដែលពុំមានសុវត្ថិភាព។

លោក ជុំ ឌីវីរីស ប្រធានស្តីទីសាខាកាំកុងត្រូលខេត្តសៀមរាប ក៏បានឲ្យដឹងថា សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍ធនធានប្រទេសជាតិ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល កំណត់យកសុវត្ថិភាពចំណីអាហារ ជាវិស័យអាទិភាពទីមួយ ក្នុងវិស័យអាទិភាពទាំង១២។

ជួសមុខឲ្យថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកាំកុងត្រូល លោកក៏បានសុំធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករ ពាណិជ្ជករ មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ច អនុវត្តច្បាប់ពាក់ព័ន្ធ និងរួមចំណែកអនុវត្តតាមគោលការណ៍ ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ៕