(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិយាយចំអកឱ្យ មេដឹកនាំក្រុមប្រឆាំង និងសមាជិករបស់ពួកគេ ដែលបានវាយប្រហារបន្តបន្ទាប់មិនឈប់ឈរ ទៅលើក្រុមយុវជនមួយក្រុម ដែលធ្លាប់គាំទ្រក្រុមប្រឆាំង ហើយប្តូរទិសនយោបាយដោយងាកមកគាំទ្រេរាជរដ្ឋាភិបាលវិញ។

សម្តេចបានចាត់ទុកថា ការវាយប្រហាររបស់មេដឹកនាំក្រុមប្រឆាំងទៅលើក្រុមយុវជនទាំងនោះ តាមរយៈការចោទប្រកាន់ថា «លក់ឧត្តមគតិ» គឺជាការខ្វះនូវការគោរពភាពប្រជាធិបតេយ្យ និងសិទ្ធិប្រជាពលរដ្ឋក្នុងការធ្វើនយោបាយ។

អង្គការយុវជនចំនួន៨នោះ ដែលប្តូរទិសនយោបាយនោះ រួមមាន៖ ក្រុមយុវជនខ្មែរមហានគេ(IYE), ក្រុមយុវជន ១០០ រាត្រី, ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម, ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, ក្រុមអ្នកស្រាវជ្រាវវ័យក្មេង, ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ, ក្រុមយុវជនសន្តិភាព និងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោមជាដើម។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមយុវជនដែលធ្លាប់ប្រឆាំងរដ្ឋាភិបាលទាំងនេះ ក៏បានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ដែលក្រុមប្រឆាំង, អង្គការសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួន បានប្រឌិតព័ត៌មានវាយប្រហារលើពួកគេ នៅពេលឈប់គាំទ្របក្សប្រឆាំងតទៅទៀតផងដែរ។

ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅពេលចលនានេះប្តូរទិសពីការគាំទ្រក្រុមប្រឆាំង បែរជាមានការវាយប្រហារពីក្រុមប្រឆាំង ទៅលើយុវជនកូនៗទាំងនេះ​ នេះជាការខ្វះការគោរពភាពប្រជាធិបតេយ្យ»

សម្តេចតេជោ ហ៊ុន​ សែន បានអះអាងថា ក្រុមយុវជនទាំងនោះ បានយល់ឃើញថា ពេលនេះអ្វីដែលជាជម្រើសល្អជាងគេ គឺការគាំទ្ររដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងនានា ទាក់ទងនឹងការការពារបរិស្ថាន និងសកម្មភាពមួយចំនួន ដែលពួកគេយល់ថាចូលរួមបម្រើជាតិ បន្ទាប់ពីនៅជាមួយក្រុមប្រឆាំង ដែលមិនទទួលបានលទ្ធផលអ្វីទាំងអស់។

សម្តេចបានផ្ញើសារទៅក្រុមប្រឆាំង បើគិតដល់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិរបស់ពលរដ្ឋ ក្នុងបញ្ហានយោបាយ កុំវាយប្រហារក្រុមយុវជនទាំងនេះ។ «វាមិនមែនប្រជាធិបតេយ្យទេ នៅពេលដែលគេគាំទ្រអ្នកឯង អ្នកឯងចាត់ទុកថា គេល្អ ដល់ពេលដែលគេមើលឃើញថា ល្អបំផុតគឺចូលរួមជាមួយរាជរដ្ឋាភិបាល​ដើម្បីធ្វើសកម្មភាព អ្នកឯងចាត់ទុកថា គេក្បត់លក់ឧត្តមគតិ»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ឱកាសដល់ក្រុមយុវជនទាំងនោះ អាចធ្វើអ្វីដែលពួកគេចង់ធ្វើដើម្បីចូលរួមជួយវិស័យបរិស្ថាន និងសង្គម។ សម្តេចអះអាងថា មិនដែលបានចាត់ទុកក្រុមយុវជនទាំងជាសត្រូវនោះទេ។ សម្តេចក៏បានអំពាវនាវឱ្យបណ្តាបក្សនយោបាយ និងអ្នកនយោបាយ កុំឱ្យលាបពណ៌ទៅលើក្រុមយុវជនទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ដល់មេដឹកនាំក្រុមប្រឆាំង ដែលអសមត្ថភាពក្នុងការគ្រប់គ្រងសមាជិករបស់ខ្លួន ហើយគិតតែរឿងប្រឆាំងផ្កាប់មុខ។ សម្តេចបានព្យាករណ៍ បន្តិចទៀតនៅពេលមានសមាជិកក្រុមប្រឆាំងចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត ក៏នឹងបន្តរកការរិះគន់ថា «លក់ក្បាល»ទាំងអស់ផងដែរ។ សម្តេចបានព្រមានថា ការរិះគន់បែបនេះទៅលើក្រុមយុវជន នឹងអាចឱ្យពួកគេទ្រាំមិនបានហើយតបតទៅវិញផងដែរ៕