(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបន្តចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ចំនួន៨៤៣,៩៤៦ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការលើកកម្ពស់ការសិក្សាបំប៉នបន្ថែម និងការអភិវឌ្ឍន៏គ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពសម្រាប់ការអប់រំកាយ តាមរយៈបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣។

គម្រោងទាំង៣នេះរួមមាន៖

ទី១៖ គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា​តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី៣) (ថវិកាជំនួយ ១១០,០៣៥ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen។

នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់សម្ភារៈ និងឧបករណ៍អប់រំ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ និងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង។ មិនតែប៉ុណ្ណោះ អង្គការនឹងបើកវគ្គបណ្តុះបណ្តាលសម្រាប់ការអប់រំអំពីបរិស្ថាន ដោយសហការជាមួយវត្តអារ៉ាម មណ្ឌលសុខភាព ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងមន្ទីរបរិស្ថានខេត្ត។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋប្រមាណ ៣២០នាក់ នឹងអាចដើរតួនាទីស្នូលក្នុងការលើកកម្ពស់ និងអប់រំការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ហាបរិស្ថាន។

យើងរំពឹងថាគម្រោងនេះនឹងជួយកែលម្អបរិស្ថានរស់នៅទូទាំងប្រទេសកម្ពុជា។

ទី២៖ គម្រោងលើកកម្ពស់ការសិក្សាបំប៉នបន្ថែមសម្រាប់សាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា (ថវិកាចំនួន ២៦៣,៦៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្ដិស្ម័គ្រចិត្ត (SVA)

ក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត មានគោលបំណងបង្កើតបរិក្ខារសិក្សា ដែលអាចប្រើប្រាស់សម្រាប់ការសិក្សាបំប៉នបន្ថែមនិងស្វ័យសិក្សា នៅសាលាបឋមសិក្សាចំនួនពីរ ក្នុងខេត្តពោធិ៍សាត់។ បរិក្ខារអប់រំនេះ រួមមានបន្ទប់ស្វ័យសិក្សា និងបណ្ណាល័យ ហើយសម្ភារៈសិក្សាបែបឌីជីថល ក៏នឹងត្រូវបានបំពាក់ផងដែរ។ ជាមួយគ្នានេះ អង្គការនឹងអនុវត្តសកម្មភាពបណ្ដុះបណ្ដាលផ្សេងៗសម្រាប់គ្រូបង្រៀន គណៈកម្មការគ្រប់គ្រងសាលា និងមាតាបិតា ដើម្បីគាំទ្រ និងលើកកម្ពស់ការសិក្សាបំប៉នបន្ថែម។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតា បិតា សរុបចំនួន៦៧៣នាក់ នៅតាមតំបន់គោលដៅនឹងទទួលបានអត្ថប្រយោជន៍តាមរយៈគម្រោងនេះ។

និងទី៣៖ គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី១) (ថវិកាចំនួន ៤៧០,២៥៥ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស។

នៅក្នុងគម្រោងនេះ អង្គការបេះដូងមាស នឹងសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES)ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសំខាន់ៗចំនួន៧ គឺប្រតិបត្តិការបណ្ណាល័យ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍន៏គ្រូបង្រៀន ការគ្រប់គ្រងសិស្ស ការគាំទ្រដល់អតីតសិស្ស និងការគ្រប់គ្រងសន្តិសុខ ដោយប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

តាមរយៈគម្រោងនេះ បុគ្គលិកប្រមាណ ៧០នាក់ និងសិក្ខាកាមគ្រូបង្រៀនចំនួន ១៨០នាក់ នៅក្នុងវិទ្យាស្ថាន នឹងអាចទទួលបានបរិស្ថានសិក្សាដែលប្រសើរជាងមុនសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ យើងរំពឹងថាសិស្សានុសិស្សជាង១,០០០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៏ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៥០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៤៩ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា៕