(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០១ ខែកក្កដានេះ បានថ្លែងនៅកាន់ជនរួមរួមជាតិ ក៏ដូចជាយុវជន យុវនារី កីឡាករបាល់ទាត់ ឲ្យចូលរួមជំរុញចលនាកីឡារបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២ ខែកក្កដា ស្អែកនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា វិស័យកីឡារបស់កម្ពុជា កំពុងរីកលូតលាស់ តាមរយៈការប្រកួត ប្រជែងប្រចាំឆ្នាំ និងការបណ្តុះបណ្តាលតាមរយៈនៃចលនាកីឡា ដែលធ្វើឲ្យកើតឡើងនូវចលនាជាតិ ដែលកំពុងមានការគាំទ្រ និងពេញនិយមពីសំណាក់យុវជន យុវនារីនឹងប្រជាពលរដ្ឋកម្ពុជា។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន​ សែន ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សហព័ពន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករបាល់ទាត់ទាំងអស់ និងភាគីចូលរួមទាំងអស់ ដែលបានរៀបចំ ការប្រកួតបាល់ទាត់ពាន់រង្វាន់ Hun Sen Cup នេះឡើង ដើម្បីចូលរួមលើកស្ទួយវិស័យកីឡារបស់កម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី០២ ខែកក្កដាស្អែកនេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងត្រូវប្រកួតដណ្តើមពាន Hun Sen Cun 2016 ជាមួយក្រុមក្រសួងការពារជាតិ ខណៈក្រុមបាល់ទាត់ភ្នំពេញក្រោន ប្រកួតជាមួយក្រុមស៊ីម៉ាក ដើម្បីដណ្តើមយកលេខ៣ និងលេខ៤៕