(ភ្នំពេញ)៖ នៅថ្ងៃនេះយើងសង្កេតឃើញថា Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីចំពោះ ទឹកចិត្តសណ្តោន អាណិតស្រឡាញ់​ដែលសម្តេច​បានផ្តល់ដល់លោកតា ពុត សឿន អាយុ៨៩ឆ្នាំ ដែលមកធាក់ស៊ីក្លូនៅភ្នំពេញដើម្បីរកលុយចិញ្ចឹមជីវិត និងបំណងប្រាថ្នាចង់សុំថវិកា១០០០ដុល្លារ ពីសម្តេចតេជោ ដើម្បីសង់ផ្ទះ​សម្រាប់រស់នៅ​កំដរជីវិតចុងក្រោយ ប្រសិនបើលោកតា មានវាសនាបានជួបសម្តេច។ មានអ្នកលេង Facebook ជាច្រើនបាន Shared នៅពាសពេញ បណ្តាញសង្គម ដើម្បីអោយដំណឹង​នេះបានឮដល់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសុបិន្តលោកតាអាយុ៨៩ឆ្នាំបានក្លាយជាការពិតដោយ បានផ្តល់នូវក្តីគោរពស្រឡាញ់ស្មោះពីបេះដូង និងភាពកក់ក្តៅបំផុតដល់លោកតា ពុត សឿន។ នៅព្រឹក មិញនេះ សម្តេចតេជោបានអញ្ជើញលោកតាមកជួបសំណេះសំណាលនៅគេហដ្ឋានសម្តេចផ្ទាល់ ព្រមទាំងបានសុំលោកតាធ្វើជាឪពុកធម៌ទៀតផង។ សកម្មភាពសណ្តោស​គោរពស្រឡាញ់របស់សម្តេច​តេជោ​ ចំពោះ​លោក​តាអាយុ ៨៩​ឆ្នាំ គឺបានឆក់បេះដូងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស រួមទាំងជនបរទេសផងដែរដែលរំភើប ក្តុកក្តួល និងមួយចំនួន​បានធ្លាក់ទឹកភ្នែក ដោយមិនដឹងខ្លួន​ពេលបានឃើញរូបភាពផ្សាយផ្ទាល់លើ Facebook សម្តេច។ ក្រៅពីសម្តេចតេជោបានសុំលោកតាធ្វើជាឪពុកធម៌ គឺសម្តេចបានទទួលចិញ្ចឹម​លោកតាអស់មួយជីវិត ហើយនឹងសាងសង់ផ្ទះ​១ខ្នងជូនលោកតា​ថែមទៀត ដើម្បីបានរស់នៅសុខស្រួលសម្រាប់ជីវិតចុងក្រោយ។ ភាគច្រើននៃពលរដ្ឋ​ដែលបានមើលការផ្សាយផ្ទាល់ ១៣០០០នាក់ មានអារម្មណ៌ក្តុកក្តួល រំភើប និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនចំពោះសំណាងរបស់លោកតា និងទឹកចិត្តសប្បុរសរបស់សម្តេចតេជោ។

ចាប់តាំងពីសម្តេចបានប្រើប្រាស់ Facebook និងបាន Posted អត្ថបទនិង Video ជាច្រើនកន្លងមកនេះ គឺ Video មួយនេះទទួលបាន Comments 9.4K និងទទួលបាន Likes 74K មកទល់ម៉ោង 7:51PM ព្រលប់នេះ។ ចំនួន Likes និង​Comments ពីសាធារណៈជនថ្ងៃនេះគឺបានបំបែក ឯតគ្គទកម្មដែលមិនធ្លាប់មានពីមុនក្នុងរយៈពេល៩ម៉ោង។

នេះសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋគោរពស្រឡាញ់សម្តេចតេជោ ដែលតែងតែមានព្រហ្មវិហារធម៌ និងសេចក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋរបស់សម្តេច ។ សម្តេចតេជោ គឺជាប្រមុខដឹកនាំ ដែលតែងតែផ្តល់នូវក្តីសង្ឃឹមដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕