(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ក៏ដូចជាសមត្ថកិច្ចរដ្ឋ សហការគ្នាការពារព្រៃ និងត្រី រួមទាំងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ហើយត្រូវហ៊ានរាយការណ៍អំពីសកម្មភាពជនខិលខូចដែលបំផ្លាញធនធានទាំងនេះ។

ការអំពាវនាវ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «កិច្ចការពារធនធានធម្មជាតិរបស់យើង ត្រូវធ្វើឱ្យបានខ្លាំងជាមុន មានប្រសិទ្ធភាពជាងមុន និងមានការចូលរួមទាំងអស់គ្នា ទើបគង់វង្សបាន មិនថាបឹងបួរ ទន្លេនោះទេ ត្រូវធ្វើទាំងអស់គ្នា ខ្ញុំព្រះករុណា សូមអំពាវនាវឱ្យទាំងផ្នែករដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ក៏ដូចជាដៃគូអភិវឌ្ឍចូលរួមក្នុងការអភិវឌ្ឍធនធានធម្មជាតិរបស់យើង»

សម្តេចថា នាពេលកន្លងក្រុមការពារព្រៃឈើ ទាំងសង្គមស៊ីវិល និងផ្នែករដ្ឋ ដែលមានគោលដៅក្នុងការការពារព្រៃឈើ ហាក់ដូចជានៅម្ខាងម្នាក់ មិនអាចធ្វើការជាមួយគ្នាបាន។ សម្តេចទទួលស្គាល់ថា កន្លែងខ្លះមានការធ្វើការសហការគ្នាបានល្អ ដូចជាអង្គការអភិរក្សសត្វព្រៃ ជាមួយនឹងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអង្គការផ្សេងទៀតជាមួយនឹងផ្នែករដ្ឋ ប៉ុន្តែក៏នៅសេសសល់តិចតួច ដូចជាសមាគម និងសហគមន៍ព្រៃឡង់ជាមួយនឹង មន្រ្តីរដ្ឋបាលព្រៃឈើជាដើម។

ទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬសង្គមស៊ីវិល ពុំអាចធ្វើសកម្មភាពចូលចាប់ ជនខិលខូចដែលកំពុងកាប់បំផ្លាញព្រៃ ឬព្រៃលិចទឹកបានទេ ត្រូវសហការរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចមានវិធានការវិញ៕