(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ បានខឹងច្រឡោត និងបានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ហៅអ្នកបើក រថយន្ដចំនួន៤នាក់ រួមជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាម្នាក់ ដើម្បីណែនាំ និងធ្វើកិច្ចសន្យាភ្លាមៗ បន្ទាប់ពីអ្នកបើករថយន្ត ទាំងនេះ បានបើករថយន្ដកុងតឺន័រ៤គ្រឿង ដែលរបស់ក្រុមហ៊ុនព្រះអាទិត្យដឹកសម្ភារផ្សេងៗ បានធ្វើឲ្យកកស្ទះផ្លូវយ៉ាងខ្លាំងដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ។

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនព្រះអាទិត្យ ដែលដឹកសម្ភារឲ្យក្រុមហ៊ុនកូកាកូឡា មកឈប់ចតបញ្ច្រាសទិស ធ្វើឲ្យមានការកកស្ទះ ចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវសាធារណៈ។ ការបញ្ជាឲ្យហៅអ្នកបើករថយន្តកុងតឺន័រទាំង៤នាក់ និងតំណាងក្រុមហ៊ុនកូកាកូឡាម្នាក់ មកណែនាំ និងធ្វើកិច្ចសន្យានេះ ត្រូវបានអនុវត្តន៍ធ្វើឡើងនៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទល់មុខក្រុមហ៊ុនភេសជ្ជៈកូកាកូឡា តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា «ការអញ្ជើញតៃកុងរថយន្ដ និងតំណាងក្រុមកូកាកូឡា មកណែនាំ និងធ្វើកិច្ចសន្យា នេះគឺមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចយើង បានធ្វើការណែនាំនោះ ប៉ុន្តែតៃកុងរថយន្ដក៏ដូចជាតំណាងក្រុមហ៊ុន កូកាកូឡា នៅតែគឃ្លើនមិនព្រម ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ ដោយបានបើករថយន្ដកុងតឺន័រធំៗដឹកសម្ភារ ផ្សេងៗមកឲ្យក្រុមហ៊ុនកូកាកូឡា ឈប់ចតបញ្ច្រាសទិសយ៉ាងអនាធិប្បតេយ្យបណ្ដាលឲ្យមាន ការកកស្ទះចរាចរណ៍ ស្ទើរៀងរាល់ថ្ងៃ នៅខាងមុខក្រុមហ៊ុនកូកាកូឡាតែម្ដង»

លោកអធិការបានបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុសម្រាប់ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់ទៅមកមាន ភាពងាយស្រួលនោះ សមត្ថកិច្ចយើងចាំបាច់ត្រូវអនុវត្តន៍ដោយហៅ តៃកុងរថយន្ដទាំងនោះ និងតំណាងក្រុមមកធ្វើកិច្ចសន្យាភ្លាមៗ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពក្នុងការ បើករថយន្ដមកឈប់ចត ទាំងបញ្ច្រាសទិស និងស្របទិសលើដងផ្លូវសាធារណៈដែលបង្កជាហានិភ័យដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

លោកអធិការបានបន្តថា ក្រោយបញ្ចប់កិច្ចសន្យារវាងលោក ស្រី លឹម លីណា ដែលជាតំណាងក្រុមហ៊ុនកូកាកូឡារួម និងតៃកុងរថយន្ដ កុងតាន័រ៤នាក់ទៀត ពួកគេបានសន្យាបញ្ឈប់រាល់ការយករថយន្ដមកឈប់ចតយ៉ាងអនាធិប្បតេយ្យបែបនេះទៀតនោះហើយបើនៅតែ មាននោះ សមត្ថកិច្ចយើង នឹងចាត់វិធានការតាមផ្លូវ ពុំខានដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារផ្សេងៗឡើយ៕