(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានប្រកាសគាំទ្រ អង្គការសង្គមស៊ីវិល ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជួយដល់សហគមន៍ ឆ្លើយតបចំពោះផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ ការជួយគាំទ្រនេះ ធ្វើឡើងតាមរយៈ គម្រោងគាំទ្រដល់សង្គមស៊ីវិល ដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។

គម្រោងគាំទ្រនេះ ទទួលបានថវិកាគាំទ្រ ពីកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុ ក្រោមមូលនិធិវិនិយោគអាកាសធាតុដែល ផ្តល់ថវិកាចំនួន១,៤ លានដុល្លារ ក្នុងទម្រង់ជាជំនួយខ្នាតតូចៗ សម្រាប់គាំទ្រដល់អង្គការសង្គមស៊ីវិលចំនួន១៩ ដើម្បីបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុក្នុង ប្រតិបត្តិការការងាររបស់ពួកគេ។ អង្គការទាំងនេះនឹងអនុវត្តគម្រោងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ តាមសហគមន៍ ក្នុងវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ អប់រំ និងសុខភាព ក៏ដូចជាលើកកម្ពស់ការការពារបរិស្ថានក្នុង ខេត្តចំនួន១៧ ទូទាំងប្រទេសកម្ពុជា។

លោក Ancha Srinivasan អ្នកឯកទេស ខាងការប្រែប្រួលអាកាសធាតុ នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB បានឲ្យដឹងថា គម្រោងគាំទ្រដល់ សង្គមស៊ីវិលនេះ នឹងជួយដល់អង្គការសង្គមស៊ីវិលទាំងនេះ ឲ្យបំពេញតួនាទី កាន់តែធំជាងមុន ដើម្បីលើកកម្ពស់សហគមន៍នានាក្នុងប្រទេសកម្ពុជា ឆ្លើយតបចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោកបន្តថា ការចូលរួមក្នុងកម្រិតខ្ពស់ពីសហគមន៍ ក្នុងការរៀបចំយុទ្ធសាស្ត្របន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យសហគមន៍ កាន់តែចូលរួម អនុវត្តសកម្មភាពទាំងនេះ និងធានាឲ្យមាននិរន្តរភាព ដោយសារតែវាផ្តល់ឲ្យ សហគមន៍នូវភាពជាម្ចាស់ក្នុងកម្រិតខ្ពស់។

អង្គការសង្គមស៊ីវិលទាំងនេះ នឹងសិក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជួយសហគមន៍ឲ្យយល់ពី ប្រភពសំខាន់ៗដែលនាំឲ្យមានភាពងាយ រងគ្រោះ និងឳកាស ដើម្បីឲ្យមានការបន្ស៊ាំប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតចំណេះដឹងអំពីវិធីសាស្ត្រដែលគេអាចយក មកប្រើប្រាស់ សម្រាប់បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

គេរំពឹងថា គម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១១២០០០ នាក់ មកពីជាង ២១០០០ គ្រួសារ រួមនឹងក្រុមងាយរងគ្រោះផ្សេងៗ ដូចជា កសិករ ប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុង ស្ត្រី កុមារ ក្រុមបាត់បង់ឳកាស និងជនជាតិដើមភាគតិច មកពីខេត្តទាំង១៧។គម្រោងនេះនឹងចាត់ចែងអនុវត្តដោយ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ គឺអង្គការ Plan International Cambodia ក្រោមការណែនាំពីក្រសួងបរិស្ថាន និង ADB ។

ប្រទេសកម្ពុជា គឺជាប្រទេសនៅតំបន់មេគង្គតែមួយគត់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹង អាកាសធាតុ ដែលមានថវិកា ១,២ ពាន់លានដុល្លារ ក្នុងគោលបំណងធ្វើការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុ ទៅក្នុងការរៀបចំផែនការអភិវឌ្ឍ។

កាលពីឆ្នាំ ២០១១ ADB បានជួយ រដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់ទៅនឹងអាកាសធាតុ ដោយមានថវិកា ៥៨៥ លានដុល្លារ ដែលមានគម្រោងវិនិយោគចំនួន ៨ និងគម្រោងជំនួយបច្ចេកទេសចំនួន ១ ដោយផ្តោតការយកចិត្តទុកដាក់លើបង្កើនឳកាស ដើម្បីបញ្ជ្រាបភាពធន់ ទៅនឹងអាកាសធាតុ ទៅក្នុងវិស័យកសិកម្ម គ្រប់គ្រងធនធានទឹក ផ្គត់ផ្គង់ទឹកនិងអនាម័យ និងដឹកជញ្ជូនគមនាគមន៍។

 ADB  បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ក្នុងខែធ្នូ ឆ្នាំ ២០១៦ នេះ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងប្រារព្ធខួបទី ៥០ នៃភាពជាដៃគូអភិវឌ្ឍន៍ ក្នុងតំបន់នេះ។ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ ប្រទេស ដែលក្នុងនោះ ៤៨ ប្រទេស មកពីតំបន់នេះ។ ក្នុងឆ្នាំ ២០១៥ ជំនួយសរុប របស់ធនាគារអភិវឌ្ឍន៍អាស៊ី មាន ទឹកប្រាក់សរុបចំនួន ២៧,២ ពាន់លានដុល្លារ ក្នុងនោះមានសហហិរញ្ញប្បទានចំនួន ១០,៧ ពាន់លានដុល្លារ៕