(ក្រចេះ)៖ កម្លាំងមន្ត្រីគយចល័ត នៅម៉ោង៩៖០០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាប ​និងចាប់រថយន្ត២គ្រឿង ដែលដឹកឈើពេញប្រៀប ប្រុងនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀង​ D7 ឬវិនឡុង ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

រថយន្តដែលកម្លាំងគយចល័តចាប់ឃាត់នេះ ទី១- ម៉ាក SAM YONG ដឹកឈើធ្នុងចំនួន៣ម៉ែត្រគូប និងទី២ ម៉ាក HYUNDAI ដឹកឈើ សុក្រំចំនួន៥ម៉ែត្រគូប។

តាមប្រភពព័ត៌មាន ពីមន្រ្តីយោធាទទួលបន្ទុកការពារព្រំដែន វិរៈលេខ២០៤ និង មន្រ្តីនគរបាលទទួលបន្ទុកការពារព្រំដែនវិរៈក្រញូង សែនជ័យ ចំណុះឲ្យវិរៈលេខ៦១៩ បានឲ្យដឹងថា មានរថយន្តចំនួន ២គ្រឿងផ្ទុកឈើពេញរថយន្ត ដឹកជញ្ជូនចេញពីផ្លូវក្រុមហ៊ុនប៊ិញភឺក និងដឹកជញ្ជូនឆ្លងកាត់ក្រុមហ៊ុន TTY នាំចេញទៅប្រទេសវៀតណាម តាមច្រករបៀង D7 ឬ វិនឡុង ហើយនៅច្រករបៀង D7 មិនមានប៉ុស្តិ៍ ស្ថាប័នជំនាញនៅទីនោះទេ។

មន្ត្រីគយចល័តបានឲ្យដឹងផងដែរ កន្លងមកកម្លាំងគយចល័ត និងកម្លាំងអាវុធហត្ថ ធ្លាប់បានបង្ក្រាប និងចាប់រថយន្តដឹកឈើប្រណិតជាច្រើនលើក ច្រើនសារមកហើយ នៅច្រករបៀង D7 នេះ ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ នៅតែកើតមានជាហូរហែមិនដាច់សោះ ដោយសារតែមានការបើកដៃ ពីសមត្ថកិច្ចនៅទីនោះ។

មន្ត្រីដដែលបញ្ជាក់ទៀតថា រថយន្តដែលដឹកជញ្ជូនឈើប្រណិតទាំងនេះ ភាគច្រើនជារថយន្ត ចេញមកពីប្រទេសវៀតណាម បើកចូលមកដឹកឈើនៅលើដីកម្ពុជា។

គួរបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើ នៅតែកើតមានជារឿងៗ។ នាពេលកន្លងមក កម្លាំងគយចល័ត ក៏បានធ្វើយុទ្ធនាការចាប់ឈើ គេចពន្ធ តាមបណ្តាខេត្តជាបន្តបន្ទាប់ផងដែរ៕