(បន្ទាយមានជ័យ)៖ កសិករម្នាក់កំពុងតែបើកត្រាក់ទ័រភ្ជួរស្រែសុខៗ ស្រាប់តែជាន់មីនតោន ផ្ទុះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើរនេះ កើតឡើងនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋម្នាក់ ដែលជាកសិករ បានបើកត្រាក់ទ័រមួយគ្រឿងទៅភ្ជួរស្រែ ខណៈពេលដែរកំពុងតែភ្ជួរស្រែ ក៏ជាន់មីនតោនផ្ទុះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

ក្នុងករណីនេះដែរលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា សូមពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ ព្រោះថាខេត្តបន្ទាយមានជ័យ ជាតំបន់ប៉ែកខាងលិច គឺសំដៅតំបន់កៀកបណ្តោយព្រំដែនកម្ពុជា-ថៃ ជាអតីតតំបន់សមរភូមិសង្គ្រាមហែកហួរ របស់អតីតចលនាអ្នកតស៊ូខ្មែររដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យត្រីភាគី និងអតីតកងទ័ព​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជាដែលនៅសល់បង្កប់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន។

លោកឧត្តមសេនីយ៍ទោ បន្ថែមថា នៅពេលប្រជាពលរដ្ឋប្រទះឃើញគ្រាប់ទាំងអស់ សូមរាយការណ៍​មកសមត្ថកិច្ច​ដែលនៅជិតជាទីបំផុត ដើម្បីឲ្យសមត្ថកិច្ចយកមកកំទេចចោល ជៀសវាងកុំ​ឲ្យមាន​គ្រោះ​ថ្នាក់​ដល់ពលរដ្ឋទាំងអស់គ្នា៕