(ពោធិ៍សាត់)៖ ក្មេងម្នាក់លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែក គ្នាលេងក្រោមផ្ទះ ភ្លេចគិតកូន នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិម៉ាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកនេះថា ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ឡេង សៀវ អាយុ៣ខួប ឪពុកឈ្មោះ ឡាញ់ ចាន់ឡា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ឈន ប្រឹម អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះ បាននាំកូនទៅលេងផ្ទះអ្នកភូមិ ជាមួយគ្នាលុះទៅដល់ក៏បាន អង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ហើយក្មេងរងគ្រោះក៏បានរត់លេងនៅក្បែរៗនោះដែរ ស្រាប់តែមួយសន្ទុះក្រោយមករកមើលកូន មិនឃើញ ក៏ដើររកកូនក៏ប្រទះឃើញអណ្តែត នៅក្នុងប្រឡាយទឹក នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ។

លោកអធិការបន្ថែមថា ដោយម្តាយក្មេងរងគ្រោះមិនអស់ចិត្ត ក៏បញ្ជូនកូនរបស់ខ្លួនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែជាអកុសល ពេទ្យបានបញ្ជាក់ថា ក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើត ហេតុសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ ចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងបានផ្តល់ នូវអង្ករ៤០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ២យួរ ថវិកា១០ម៉ឺនរៀល សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕