(រតនគិរី)៖ រថយន្តបាឡែនមួយគ្រឿង ដឹកឈើប្រណិតពេញ មានទិសដៅលិចទៅកើត​លើផ្លូវជាតិ​លេខ៧៨ បានលោតឆ័ត្រចូល​ក្រុង​បានលុង ខេត្តរតនគិរី ប៉ុន្តែត្រូវ​បានកម្លាំង​រដ្ឋបាលព្រៃឈើ ចុះមក​ស្ទាក់ចាប់បាន បន្ទាប់ពីមានក្រុមអ្នកកាសែត​បានរាយការណ៍ ទៅពួកគេ។ ការឃាត់រថយន្តដឹកឈើប្រណិតខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិភ្នំស្វាយ សង្កាត់​បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុងបានឲ្យដឹងថា សម្រាប់រថយន្តដឹកមួយគ្រឿងនេះ ត្រូវបានកម្លាំងរបស់លោក នាំយកទៅ​រក្សា​ទុកនៅទីស្នាក់ការដើម្បីចាត់​ការតាមនីតិវិធីបន្ត​ទៀត។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានលួចបង្ហើបថា សម្រាប់ការដឹកជញ្ជូនដឹកឈើប្រណិតខាងលើនេះ ក៏មានការជាប់ពាក់ព័ន្ធជាមួយលោក ស៊ឹម សីហា ហៅម៉ៅ ជាមន្ត្រីនគរបាល នៅការិយា​ល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តផងដែរ។ តាមសេចក្តីរាយការណ៍ដដែល នៅខេត្តជាប់ព្រំដែនមួយនេះ បច្ចុប្បន្នមានមេឈ្មួញជនជាតិវៀតណាម៣នាក់ធំៗ បានផ្តល់លុយ​ឲ្យដៃជើងរបស់ពួកគេរាប់​សែនដុល្លារ ដើម្បីប្រមូលទិញ​ឈើនៅក្នុងខេត្ត រួមមាន៖ ទី១- ឈ្មោះ អាចាំង ទី២- ឈ្មោះ អាយ៉ុង និងទី៣-​ ឈ្មោះ ចែ ហៀង៕