(ភ្នំពេញ)៖ «វាជារឿងមួយគួរឲ្យអស់សំណើចខ្លាំងណាស់ និងជាការលើកឡើងក្នុងភាពល្ងីល្ងើ ដែលខ្លួនឯងកំពុងជាប់គុក បែរជាដាក់លក្ខខណ្ឌឲ្យ អ្នកយាមគុកទៅវិញ នេះបានចំជាមនុស្សខ្វះការយល់ដឹងមែន» នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មួយរូបសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់់ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ថា អ្វីដែលជាការលើកឡើងដាក់ជម្រើសទី១ និងជម្រើសទី២ របស់លោក សម រង្ស៊ី មេបក្សប្រឆាំង ប្រៀបបានទៅ នឹងមនុស្សម្នាក់ កំពុងលង់ទឹកជិតស្លាប់ទៅហើយ បែរជាស្រែកដាក់លក្ខខណ្ឌឲ្យអ្នកចេះហែលទឹក ឬអ្នកកំពុងនៅលើគោកទៅវិញ​ ពិតជាហួសចិត្តមែន។ ខ្លួនឯងដែលកំពុងជាប់ទោស ព្រហ្មទណ្ឌនៅតុលាការកម្ពុជា រត់គេចពីសំណាញ់ច្បាប់ទៅក្រៅប្រទេស មិនហ៊ានទាំងចូលស្រុកផង បែរជាមកដាក់លក្ខខណ្ឌឲ្យជម្រើសឲ្យគេជ្រើសរើសទៅវិញ។

ការថ្លែងប្រតិកម្មបែបនេះរបស់មន្រ្តីរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានដាក់ជម្រើសចំនួន២ ឲ្យជ្រើសរើសស្តីអំពីជំនួយអន្តរជាតិ ដល់ប្រមុខរាជរដ្ឋាភិបាល, ដូចជា៖ (មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន ឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់រំលោភសិទ្ធិមនុស្ស...។ល។) ប៉ុន្តែនៅពេលនេះត្រូវបានមន្រ្តីរាជរដ្ឋាភិបាលឆ្លើយតបវិញថា វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ បែរជាអ្នកជាប់គុក កំពុងដាក់លក្ខខណ្ឌឲ្យអ្នកយាមគុកទៅវិញ៕