(ភ្នំពេញ)៖ នាចុងសប្ដាហ៍នេះ ដែលត្រូវនឹងថ្ងៃទី០២ និងទី០៣ ខែកក្កដា ឆ្នាំ២០១៦ ពិព័រណ៍កុមារ និងគ្រួសារ នឹងត្រូវរៀបចំឡើងជាលើកទី៣ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ ព្រឹកដល់ ៨យប់។

ពិព័រណ៍នេះនឹងនាំមកជូននូវ កម្មវិធីប្រកួតពិសេសៗជាច្រើន សម្រាប់កុមារក្រោមអាយុ១៣ឆ្នាំ ដូចជា ការប្រកួតគិតលេខ គូររូប ច្រៀង រាំ ការប្រកួតសង់ឡេហ្គូ រាំាអ៊ែរ៉ូប៊ិក ប្រកបអក្សរ និង វារម៉ារ៉ាតុង។

កុមារៗនឹងមានឱកាសរៀនបត់ក្រដាស់ រាំរបាំបាឡេ រាំសាមបា រាំ Jass រៀនលេងតន្រ្តី និង ហាត់តៃក្វាន់ដូ។ បន្ថែមលើនេះទៀត កុមារក៏អាចចូលរួមសម្តែងទេពកោសល្យ និង សមត្ថភាពរបស់ខ្លួន នៅលើឆាកកម្មវិធីទៅកាន់ក្រុមគ្រួសារដែលចូលរួម។

ទីធ្លាកំសាន្តរួមមានទីលានប្រណាំងឡាន Mercedes កន្លែងបោះតង់ picnic កន្លែងគូរមុខ កាច់ប៉ោងប៉ោង និងថតរូបជាមួយតួអង្គតុក្កតាល្បីៗ សម្រាប់រយៈពេលពេញទាំង២ថ្ងៃតែម្ដង។ រឹតតែពិសេស មាតាបិតានឹងទទួលបានការបញ្ចុះតំលៃរហូតដល់៥០% លើផលិតផល និងសេវាកម្មសម្រាប់កុមារ និងគ្រួសារ ដូចជាសេវាអប់រំ សុខភាព ចំណីអាហារ សំលៀកបំពាក់ ធានារ៉ាប់រង យាន្តជំនិះ ពីប្រមាណ១០០ក្រុមហ៊ុន រួមទាំងរង្វាន់ជាច្រើនដោយគ្រាន់តែ ចូលរួមពិព័រណ៍ដោយឥតគិតថ្លៃ។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា អ៊ីវេនផ្លេននើរ គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភធំដោយម្ស៉ៅទឹកដោះគោ Modilac និងក្រុមហ៊ុនស្តាអូតូខេមបូឌា៕