(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានគនរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតមានឡើងចំនួន ២៤៩លើក  ស្លាប់មនុស្ស១០៥នាក់ រងរបួសធ្ងន់ ២៤៥នាក់ និងរបួសស្រាល១២៥នាក់។

បើធ្វើការប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ករណីគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះ ៣៧ករណី អ្នកស្លាប់ថយចុះ ២៣នាក់ អ្នករបួសធ្ងន់ថយចុះ២៤នាក់ និងអ្នករបួសស្រាលថយចុះ ១១៣នាក់។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេគឺ ការបើកបរដោយល្បឿនលឿន មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិ ស្រវឹង បទគ្រោះថ្នាក់ ងងុយដេក កត្តាយានយន្ត និងកក្តាអកាសធាតុ។

ដោយឡែកនៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​​ រង​របួសធ្ងន់​៧​នាក់​​ និង​របួសស្រាល​៩​នាក់​។ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣,១៩៨​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៤៥៥​គ្រឿង​ និង​ពិន័យ​សរុប​ ១,៧៤៣​ គ្រឿង​៕​