(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំង ជាពិសេសអ្នកធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គម លោក ស៊ន តារា ថាទំនាក់ទំនងរវាង សម្តេច និងលោក អេម៉ាញូអែល ម៉ាក្រុង គឺលើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយមានទំនាក់ទំនងក្នុងភាពជាបងប្អូនផងដែរ។

ការបកស្រាយរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ស៊ន តារា និងក្រុមប្រឆាំងមួយចំនួន បានវាយប្រហារចំពោះគម្រោងជំនួបរវាង សម្តេចតេជោ និង ប្រធានាធិបតីបារាំង នៅអំឡុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅក្រុងបាងកកប្រទេសថៃ នាពេលកន្លងទៅ ដែលខកខានដោយសារតែសម្តេចត្រូវបានធ្វើតេស្តឃើញមេរោគកូវីដ១៩។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចបានបំភ្លឺចំពោះរឿងនេះ ជាមួយនឹងការសុំទោស លោកប្រធានាធិបតីម៉ាក្រុង ដោយសារតែសម្តេចទម្លាយអំពីទំនាក់ទំនង ជាបងប្អូននេះជាសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងប្រធានាធិបតីបារាំង ឱ្យលេខទូរស័ព្ទទាក់ទងគ្នាផ្ទាល់ និងបង្កើនកម្រិតស្និទ្ធស្នាល លើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយក្លាយជាមិត្តភក្តិបងប្អូននឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រធានាធិបតីបារាំង ចំពោះការទម្លាយនូវទំនាក់ទំនងរវាងសម្តេច និងលោកប្រធានាធិបតី។ សម្តេចក៏បានស្នើឱ្យអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បញ្ជូនសារនេះទៅកាន់លោក ម៉ាក្រុង ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំជាមួយនឹងប្រធានាធិបតីបារាំង មានលេខទូរស័ព្ទឆ្លងឆ្លើយជាមួយគ្នា តាម៣ប្រព័ន្ធដែលគាត់ប្រាប់ WhatsApp, Telegram និង Signal។ បងប្អូនខ្មែរដែលមានសញ្ជាតិបារាំង ឬក៏អ្នកដែលកំពុងស្នាក់នៅប្រទេសបារាំងស្តាប់ឱ្យបាន ទំនាក់ទំនងផ្លូវរដ្ឋ យើងមានកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ប៉ុន្តែអ្វីដែលសំខាន់ យើងបានធ្វើការទាក់ទងគ្នាពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងអន្តរជាតិ ដែលខ្ញុំមិនអាចនិយាយបានទេ រឿងនេះជារឿងអាថ៌កំបាំង»

សម្តេចបានបន្តថា៖ «ប្រធានាធិបតីបារាំងបានឱ្យលេខទូរស័ព្ទមកខ្ញុំ អញ្ចឹងយើងបានសន្យាជាមួយគ្នាឈប់ប្រើត្រកូល មានន័យថា ខ្ញុំហៅ "អេម៉ាញូអែល ឯគាត់ហៅខ្ញុំសែនតែម្តង" យើងមានទំនាក់ទំនងជាមួយគ្នា អ្នកយល់ទេ អ្នកគិតថាខ្ញុំទៅសុំជួបបារាំងប្រើតួនាទីប្រធានអាស៊ាន ប្រទេសលើលោកនេះបើគេមិនជួប គឺមិនជួបហើយកុំឆ្ងល់ពេក បើអ្នកមិនដែលធ្វើនាយករដ្ឋមន្ត្រី មិនដែលធ្វើប្រមុខរដ្ឋ មិនដែលធ្វើការទូត អ្នកគួរតែដឹងច្បាស់។

«ខ្ញុំទៅហួសពីហ្នឹង ឈានដល់ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ដែលមានភាពជាបងប្អូន ម៉ាក្រុង ហៅខ្ញុំ "បង"»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

ពាក់ព័ន្ធនឹងការខកខាន មិនបានជួបជាមួយ លោក ម៉ាក្រុង ក្នុងកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំ APEC កាលពេលកន្លងទៅ ត្រូវបាន សម្តេចតេជោ ហ៊៊ុន សែន អះអាងថា គម្រោងជំនួបរវាង សម្តេច និងលោក ម៉ាក្រុង គឺផ្តើមចេញពីការស្នើរបស់ ប្រធានាធិបតីបារាំង តាមរយៈអគ្គរដ្ឋទូតបារាំងនៅកម្ពុជា។ សម្តេចបានរំលឹកថា មុន១ថ្ងៃ នៃការចេញទៅកាន់កោះបាលី ដើម្បីចូលរួមកិច្ចប្រជុំ G20 ប្រធានាធិបតីបារាំងក៏បានស្នើសុំសម្តេចម្តងទៀត ដើម្បីជួបទទួលទានបាយជាមួយគ្នា ដោយក្នុងនោះមានប្រធានាធិបតីមកពីប្រទេសមួយចំនួនប៉ុន្តែដោយសារតែសម្តេចជាប់ភារកិច្ចទទួលព្រះចៅស៊ូតង់ និងអមព្រះមហាក្សត្រ ដើម្បីជប់លៀងជូនព្រះចៅស៊ូតង់ ហើយដោយសារយន្តហោះសម្តេចទៅយឺត និងធ្វើតេស្តឃើញកូវីដ១៩ ទើបមិនអាចជួបជាមួយ លោក ម៉ាក្រុង ពេលនោះ ហើយសម្តេចក៏សុំទោសប្រធានាធិបតីបារាំងផងដែរ។

សម្តេចបានបញ្ជាក់ថា ដោយខកខានជំនួបនៅបាលី និងបាងកក ជាថ្មីម្តងទៀត លោក ម៉ាក្រុង បានអញ្ជើញសម្តេចទៅជួបនៅព្រុចសែល ហើយប៉ុន្មានថ្ងៃក្រោយមកក៏បានអញ្ជើញសម្តេចទៅជួបនៅទីក្រុងបារីសវិញ ដោយនឹងមានសន្ទនានៅវិមានប្រធានាធិបតីអេលីហ្សេ និងចូលរួមវេទិកាសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ដែលរៀបចំដោយប្រធានាធិបតីបារាំងផងដែរ។

សម្តេ​ចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះ លោកប្រធានាធិបតី ម៉ាក្រុង ដែលមានឥរិយាបទគួរឱ្យគោរព។ សម្តេចក៏បានរំលឹកអំពីការវាយសារឆ្លងឆ្លើយជាមួយ លោក ម៉ាក្រុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលសម្តេចបានជូនពរ លោក ម៉ាក្រុង ជាភាសាបារាំង ហើយលោកក៏បានឆ្លើយជាភាសាខ្មែរត្រឡប់មកវិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កន្លងមកសម្តេចមិនដែលបានប្រើប្រាស់ទំនាក់ទំនងភាពជាបងប្អូនជាមួយ លោក ម៉ាក្រុង ដើម្បីបង្អួតនរណានោះទេ៕