(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ប្រធានាធិបតីបារាំង អេមម៉ាញូអ៊ែល ម៉ាក្រុង (Emmanuel Macron) ធ្លាប់បានស្នើឱ្យសម្ដេចតេជោបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ឱ្យបាន៣ទៅ៤ឆ្នាំទៀត ដើម្បីជ្រោមជ្រែងទំនាក់ទំនងរវាងកម្ពុជា និងបារាំងឱ្យបានតែមានវឌ្ឍនភាព។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺដើម្បីឆ្លើយតបទៅនឹងការយល់ខុសរបស់ក្រុមប្រឆាំង ដែលពួកគេនិយាយផ្ដេសផ្ដាសថា ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ម៉ាក្រុង កាលពីពេលកន្លងទៅនោះ គឺកើតចេញពីការស្នើសុំរបស់សម្ដេចតេជោមុន។

នាឱកាសប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងសម្ដេច និងលោក ម៉ាក្រុង នាពេលនោះ គឺជាការស្នើសុំមុនពីសំណាក់ភាគីបារាំង ហើយលោកប្រធានាធិបតី ម៉ាក្រុង ក៏ថែមទាំងរៀបចំពិធីលៀងសាយភោជន៍ជូនសម្ដេច និងជូនសម្ដេចដើរទស្សនកិច្ចនៅក្នុងវិមានអេលីសេ (Élysée Palace) ដែលជាអគាររបស់ប្រធានាធិបតីទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏មានទំនាក់ទំនងភាតរភាព ឬភាពជាបងប្អូនល្អជាមួយលោកប្រធានាធិបតីបារាំង អេមម៉ាញូអ៊ែល ម៉ាក្រុង ថែមទៀត ដោយលោក ម៉ាក្រុង បានហៅសម្ដេចថា «បងប្រុស» ហើយសម្ដេចតេជោក៏ហៅលោក ម៉ាក្រុង ថា «ប្អូនប្រុស» វិញដែរ។​ នេះបើតាមការបន្ថែមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

តាមរយៈទំនាក់ទំនងការទូតផង ភាតរភាពផង លោក ម៉ាក្រុង ធ្លាប់បានស្នើឱ្យស្នើឱ្យសម្ដេចតេជោបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីឱ្យបាន៣-៤ឆ្នាំទៀត ដើម្បីធ្វើជាដៃគូជិតស្និទ្ធ បន្តជ្រោមជ្រែងទំនាក់ទំនងរវាងកម្ពុជា និងបារាំងឱ្យបានតែមានវឌ្ឍនភាព។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានាធិបតីបារាំងបាននិយាយមួយបែបទៀតថា ឯកឧត្តមនៅមានកម្លាំង (ហៅសំដៅមកសម្តេចតេជោ) គួរតែនៅ៣-៤ឆ្នាំទៀតទៅ ក្នុងគោលដៅធ្វើជាដៃគូ។ ហ្នឹងគឺជាការនិយាយចេញពីមាត់គាត់»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទំនាក់ទំនងនេះគឺស៉ីជម្រៅខ្លាំងណាស់ ក្រៅពីទំនាក់ទំនងរដ្ឋាភិបាលនិងរដ្ឋាភិបាល ក៏នៅមានទំនាក់ទំនងបុគ្គលនិងបុគ្គលទៀតដែរ តាមរយៈទូរស័ព្ទឆ្លងឆ្លើយគ្នា បញ្ជូនសារឱ្យគ្នាទៅវិញទៅមក ហៅបងប្អូនទៅមកជាដើម៕