(ឡុងដ៍)៖ អតីតអភិបាលក្រុងឡុងដ៍ លោក Boris Johnson បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា លោក​នឹង​មិនចូលប្រកួតប្រជែងដណ្ដើមតំណែង ឬមកជំនួសលោក David Cameron ឡើយ។ នេះបើយោងតាមការចេញផ្សាយ Update របស់​សារព័ត៌មាន CNN នៅមុននេះបន្តិច។

លោក Johnson ប្រកាសពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅក្នុងសុន្ទរកថាមួយ នាល្ងាចថ្ងៃទី៣០ ខែមិថុនា​នេះ ដោយក្នុងនោះលោក បានបញ្ជាក់ថា មិនចូលរួមក្នុងការប្រកួតប្រជែង​ដណ្ដើមតំណែង​ ជាមេដឹកនាំនៃ​គណបក្សអភិរក្សនិយមរបស់អង់គ្លេសឡើយ។

លោក Johnson បានបញ្ជាក់ថាបន្ថែមទៀតថា លោកបានពិគ្រោះយោបល់ជាមួយនឹងមិត្តរួមការងារ ហើយ​ក៏​បានរកឃើញ​មនុស្សម្នាក់ដែលល្អ តែមិនមែនជាខ្ញុំ។

គួរបញ្ជាក់ផងដែរថា មានបុគ្គលសំខាន់ៗនៅក្នុងគណបក្សកាន់អំណាចរបស់លោក David Cameron ដែលនឹងអាចឡើងមកជំនួសតំណែង នៅរយៈពេលឆាប់ៗខាងមុខនេះ មានដូចជា លោក George Osborne, លោកស្រី Theresa May, លោក Michaek Gove និងលោកស្រី Ruth Davidson ដែលសុទ្ធសឹងតែជាបុគ្គលជំនាញៗ ប្រកបបទពិសោធន៍ និងមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច៕