(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ ចុះអនុវត្តន៍ដីកាសាលាដំបូងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទទទួលផលចោរកម្ម និងអំពើរប្លន់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត និង ភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថាជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួននោះ ទី១ឈ្មោះ ខ្លូត ចម អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ពីបទទទួលផលចោរកម្ម ទី២ឈ្មោះ ភេន សល់ អាយុ៣៦ឆ្នាំ ជាប់ចោទពីបទប្លន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ការឃាត់ខ្លួនបុរសទាំងពីរនាក់ខាងលើនេះ គឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ របស់សាលាដំបូងខេត្តពោធិ៍សាត់។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕