(កំពង់ស្ពឺ)៖ រថយន្តដឹកឈើគាស់ទាំងគល់ មានឈើបេង ឈើក្រញូងចំនួន២គ្រឿងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់បានខណៈក្រុមឈ្មួញទាំងនេះ កំពុងដឹកបម្រុងចូលទឹកដីរាជធានីភ្នំពេញ ដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ ប៉ុន្តែមន្រ្តីរដ្ឋបាលព្រៃឈើតូចតាចម្នាក់ នៅខេត្តកំពង់ស្ពឺ បានលួចទម្លាយថា នៅពេលនេះស្រាប់តែមានអ្នកធំបាន និងកំពុងចង់អន្តរាគមន៍ សុំឲ្យមានការដោះលែងទៅវិញ។

មន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ សូមមិនបញ្ចេញឈ្មោះបានលួចប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា «រថយន្តទាំង២គ្រឿង ត្រូវកម្លាំងជំនាញ ចាប់បាន​នៅលើ​​ចំណុចផ្លូវជាតិលេខ៤ នៅព្រឹកមិញ ដោយយកមករក្សាទុកនៅផ្នែករដ្ឋព្រៃឈើកំពង់ស្ពឺ តែការឃាត់ទុកមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកមាន​អំណាចមួយ​ចំនួន​អន្តរាគមន៍​ច​ង់​ឲ្យមានការ​ដោះ​លែង​រថយន្តទៅវិញ ដោយមិនមានការបង់ពន្ធចូលរដ្ឋនោះទេ»

បើយោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា៩៨ ជនដែលបានប្រពឹត្ត​ត្រូវផ្តន្ទាទោស​​ក្រោមបទល្មើស​ព្រៃឈើ ថ្នាក់លេខ២ ដែលត្រូវ​ជាប់​ពន្ធ​នាគា ពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀល មិនតែប៉ុណ្ណោះវត្ថុតាង នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋផងនោះដែរ៕