(ភ្នំពេញ)៖ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា ក្នុងឱកាសនោះបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូ ពីការលំបាក ខ្វះខាតនានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងមូលដ្ឋានជាប្រចាំ។ ជាមួយគ្នានេះ លោកអភិបាលក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខា កាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងបានផ្តាំផ្ញើឲ្យអនុសាខាកាកបាទក្រហម គ្រប់ខណ្ឌ យកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនដែលជួប ការលំបាក មានជីវភាពខ្វះខាតជាដើម។

លោក នុត ពុធដារ៉ា ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំព្យាយាមធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងទទួលយកថ្នាំព្យាបាល ឲ្យបានត្រឹមត្រូវពីគ្រូពេទ្យជំនាញ ដើម្បីបន្តរស់នៅបាន យូរអង្វែង មើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។ អំណោយដែលត្រូវយកទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ទាំង៤១គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។

ជាមួយគ្នាព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ សង្កាត់ព្រៃស បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ រួមមានៈ ស្ករស តែ ទឹកដោះគោ ទឹកក្រូច និងមី។ នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅដល់ផ្ទះ របស់បងប្អូនដែលកំពុងមានជម្ងឺ ហើយសម្រាកព្យាបាលនៅលើគ្រែ ចំនួន០៣គ្រួសារព្រមទាំងបាន ឧបត្ថម្ភថវិកាបន្ថែម ចំនួន ១៥ម៉ឺនរៀល ដល់អ្នកជម្ងឺម្នាក់ដែលទើបនឹងវះកាត់ ហើយមានលទ្ធភាពដើម្បីទិញថ្នាំព្យាបាលផងដែរ៕