(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានរួមគ្នារៀបចំសមយុទ្ធបាញ់គ្រាប់មីស៊ីលពិតៗ នៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ក្បែរកោះហាវ៉ៃ ដែលទង្វើនេះនឹងនាំឲ្យកូរ៉េខាងជើង ក្តៅក្រហល់ក្រហាយ មិនតិចនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។

ការសម្រេចធ្វើសមយុទ្ធខាងលើនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីល ផ្លោងរយៈចម្ងាយមធ្យម ដែលជាការផ្គើនទៅនឹងច្បាប់អន្តរជាតិ និងទណ្ឌកម្មដែលចេញដោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីខែមីនា កន្លងទៅនេះ។

គេមិនទាន់ដឹងថា តើកូរ៉េខាងជើង នឹងបញ្ចេញប្រតិកម្មបែបណា ចំពោះសមយុទ្ធមីស៊ីលដ៏កក្រើកមិនធ្លាប់មាន នេះឡើយ។ ងាកទៅមើលការធ្វើតេស្តមីស៊ីលលើកទី ៦ របស់កូរ៉េខាងជើង កាលពីសប្តាហ៍មុននេះ ត្រូវបាន សហរដ្ឋអាមេរិក អះអាងថាបានទទួលបរាជ័យទាំងពីរដង ដែលផ្ទុយទៅនឹងការអួតអាងរបស់កូរ៉េខាងជើង ដែលបានប្រាប់អន្តរជាតិថាជាជោគជ័យធំធេង៕