(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៦៥គ្រួសារ ដែលត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានត្រេកអរស្ទើរស្រក់ទឹកភ្នែក ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានជួយឧបត្ថម្ភ ទាន់ពេលវេលាភ្លាមៗ ដោយបានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ស្បៀងអាហារ រួមទាំងសម្ភារៈជាច្រើនទៀត។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា «ការចុះសួរសុខទុក្ខនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតទទួលបានដំណឹងនេះ  ដោយបានចាត់ចែងភ្លាមតែម្ដងដើម្បីនាំយក សម្ភារៈថវិកាស្បៀង គ្រប់ប្រភេទ រួមទាំង តង់ដើម្បីប្រក់បណ្ដោះអាសន្នសិន ជាងនេះទៅទៀត​ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ក៏បានសម្តែងការសោកស្តាយ​ ចំពោះការបាត់បង់ទ្រព្យសម្បតិ្ត​  ដែលបានខិតខំរក​ ដោយលំបាក​  ពិសេស​ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​តែងតែយកចិត្តទុក្ខដាក់រាល់ទុក្ខលំបាកវេទនា រងារ​ភ្លៀងខ្យល់របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា​ ដូចនេះធ្វើយ៉ាងណា​  ជួយសម្រាលការលំបាកបានមួយគ្រា។»

ទន្ទឹមនឹងនោះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានសួរសុខទុក្ខ និងចែកអំណោយរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម កម្ពុជា ដល់ប្រជាពលរដ្ឋ ៦៥គ្រួសារត្រូវអគ្គិភ័យឆេះ ផ្ទះទាំងស្រុងនោះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, មី, ត្រីខ, មុង១, ភួយ១, សារុង, ក្រម៉ា, តង់ និងថវិកាមួយចំនួនទៀត ។

គួរបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយមូលហេតុផ្តើមចេញពីការផ្ទុះធុងហ្គាស ក្នុងនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនអាចគ្រប់គ្រង ស្ថានការណ៍ ភ្លាមៗនោះទេ រហូតភ្លើងបានឆេះជិត៣០ខ្នង ទើបការជួយអន្តរាគមន៍បានជោគជ័យ៕