(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២៩ ​ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ការពារសាក្សី និងបុគ្គលរាយការណ៍ ដោយមានការចូលរួម ពីបណ្តាក្រុមអ្នកច្បាប់ អង្គការសង្គមស៊ីវិល (NGOs) ភាគីពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់៣០ ខែមិថុ​នា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ​ACU បានលើកឡើងពីសារៈសំខាន់ និងសេចក្តីត្រូវការ ច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ សម្រាប់អនុវត្តនៅ ប្រទេសកម្ពុជា។

លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា សេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍នេះ មានគោលដៅសំខាន់ដើម្បី លើកកម្ពស់ ការការពារសាក្សី ការបង្ក្រាបបទល្មើស ធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់សាក្សី និងបុគ្គលរាយការណ៍ ដែលអាចនឹងបង្កើតឲ្យមានស្ថាប័នច្បាស់លាស់ ក្នុងការទទួលបន្ទុកការអនុវត្ត ការការពារសាក្សី និងពិសេសជាងនេះទៅទៀតនោះ ច្បាប់នេះអនុលោម តាមមាត្រា៣២ របស់អង្គការសហប្រជាជាតិ លើអនុសញ្ញាប្រឆាំងអំពើពុករលួយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងទៀតថា សាក្សីជាតួអង្គយ៉ាងសំខាន់ បើគ្មានសាក្សីមិនអាចឲ្យតុលាការរកយុត្តិធម៌ មាននោះទេ។ តាមច្បាប់សាក្សីត្រូវបានកំណត់ ជាដាច់ខាតត្រូវមានកាតព្វកិច្ច ចូលខ្លួនបំភ្លឺ តាមការកោះហៅ របស់តុលាការ​មិនអាច មិនចូលបំភ្លឺបានឡើយ ហើយការចូលបំភ្លឺទៀតសោធ ត្រូវឆ្លើយនៅការពិត មិនត្រូវភូតភរកុហកនោះទេ។

ជាមួយគ្នានេះដែរ លោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមលើកស្ទួយអភិបាលកិច្ច ទប់ស្កាត់បង្ក្រាបបទល្មើស ពិសេសការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលអង្គការរបស់លោក តែងតែធ្វើការស្នើសុំ ដល់រាជរដ្ឋាភិបាល រយៈពេលច្រើនឆ្នាំកន្លងមកហើយ។

លោកបញ្ជាក់ថា «សង្ឃឹមថាកម្ពុជា និងមានច្បាប់មួយ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ហើយអាចអនុវត្តបានក្នុងពេលឆាប់ៗ ខាងមុខនេះ។ ...យើងខ្ញុំមានការត្រេកអរសារទ ចំពោះនីតិវិធី និងការបើកចំហរ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដំណើរការ នៃការតាក់តែងច្បាប់នេះ។ យើងសង្ឃឹមថា ដំណើរការនៃតាក់តែងច្បាប់នេះ នឹងត្រូវបើកចំហររហូត ដល់បង្កើតជាច្បាប់ ដែលល្អ និងអនុវត្តបាន ដើម្បីជួយរួមចំណែកធ្វើឲ្យកំណែទម្រង់តទៅមុខទៀត រឹតតែមានប្រសិទ្ធិភាព»

លោក ព្រាប កុល បានថ្លែងទៀតថា តាមការសង្កេតកន្លងមកឃើញថា សាក្សីបានចូលរួមបំពេញតួនាទីរបស់ពួកគាត់ដែរ ប៉ុន្តែពួកគាត់ ហាក់មានការព្រួយបារម្ភ ដូច្នេះនៅពេលដែលមានច្បាប់នេះ សង្ឃឹមថា ពួកគាត់​និងមានការជឿទុកចិត្ត និងភាពកក់ក្តៅ ក្នុងការផ្តល់ ព័ត៌មាន រួមចំណែកប្រឆាំងអំពើពុករលួយ និងប្រឆាំងបទល្មើស កាន់តែប្រសើរឡើងថែមទៀត៕