(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានព្រមានធ្ងន់ៗថា ការអនុវត្តន៍ច្បាប់ចំពោះលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ មិនមានការលើកលែង ឬរាថយឡើយ បើទោះបីលោក កឹម សុខា មិនទៅរកគុក ក៏គុកទៅរកលោកដែរ ហើយអ្នកគាំទ្រមិនការពារចំពោះការ អនុវត្តច្បាប់របស់សមត្ថកិច្ចបានដែរ។

លោក កឹម សុខា តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃម្សិលមិញបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន កំពុងព្រួយបារម្ភ ចំពោះការចាញ់ឆ្នោត គ្រាដែលប្រជាពលរដ្ឋកំពុងចង់បានការផ្លាស់ប្តូរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំង ចំពោះការលើកឡើងនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក កឹម សុខា ថា កុំឲ្យព្រហើន ការអនុវត្តច្បាប់នៅតែបន្ត ទៅមុខតាមប្រព័ន្ធតុលាការ គ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កុំព្រហើន! គេមិនទាន់ដល់ម៉ោងធ្វើទេ តែគេដល់ម៉ោងធ្វើ គឺធ្វើហើយកុំឆ្ងល់ពេក ទប់អត់ជាប់ទេ កុំព្រហើន។ អាហ្នឹងនិយាយឲ្យច្បាស់ ខ្លួនឯងកំពុងឃុំខ្លួនឯងសោះហ្នឹង ហើយបើលោកឯងមិនទៅរកគុក ក៏គុកមករកលោកឯងដែរ អាហ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ [...]។ [...] អ្នកមួយចំនួនកុំអាលព្រហើន ច្បាប់គឺច្បាប់ អត់មានការលើកលែង»។ (សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ នៅខាងក្រោម)៖

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើទោះបីលោក កឹម សុខា បន្តពួនសម្ងំលាក់ខ្លួន នៅទីស្នាក់ការមិនហ៊ានចេញមុខយ៉ាងណាក្តី ក៏វិធានការ នៅតែមានគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។ សម្តេចតេជោ ក៏បានព្រមានទៅបក្សប្រឆាំងកុំឲ្យបាតុកម្ម បើប្រើយុទ្ធសាស្រ្ត បន្លាជួសបន្លាប្រាកដជាមាន។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមយ៉ាងដូច្នេះ «ខ្ញុំអត់នឹកស្មានសោះថា អាអ្នកកំពុងឃុំខ្លួន សូម្បីតែចេញអត់ហ៊ានចេញផង ខ្លាចចង់ងាប់នៅក្នុងណុង ប៉ុន្តែបើលោកឯងអត់ចេញ ក៏គង់ថ្ងៃណាមួយ គេយកចេញដែរ ហើយកុំគំរាមធ្វើបាតុកម្ម សូមទោសនិយាយគ្នាឲ្យច្បាស់ឲ្យហើយ កុំគំរាមធ្វើបាតុកម្ម បន្លាជួសបន្លានឹងអាចកើតមាន ហើយគេធ្វើតែមួយព្រឹបចប់សេចក្តីហើយ កុំនឹកស្មានថារួចខ្លួនឲ្យសោះ»

សម្តេចតេជោ ហ៊ុន សែន ក៏សុំឲ្យប្រទេសកុំឲ្យលូកដៃ និងប្រព័ន្ធតុលាការរបស់កម្ពុជា លើសំណុំរឿងរបស់លោក កឹម សុខា ហើយមិនត្រូវយកបញ្ហាជំនួយ មកដាក់ការកៀបសង្កត់លើកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានពួនសម្ងំ ក្នុងទីស្នាក់ការអស់រយៈពេលជាងមួយខែ ដើម្បីគេចពីការតាមច្បាប់របស់កម្លាំងសមត្ថកិច្ច បន្ទាប់ពីរូបលោកត្រូវបានតុលាការ ចោទប្រកាន់ថា បានប្រព្រឹទ្ធបទល្មើសជាក់ស្តែងព្រោះតែ ការប្រឆាំងមិនព្រមចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ចំនួនពីរដង ពាក់ព័ន្ធសំណុំរឿងសញ្ចារកម្ម៕