(ឡុងដ៍)៖ អំឡុងយុទ្ធនាការរៀបចំការបោះឆ្នោតប្រជាមតិ និងបានឈានទៅរកការសម្រេចចាកចេញពីសហភាព អឺរ៉ុបជាផ្លូវការនោះ ចក្រភពអង់គ្លេស ក៏បាននិងកំពុងកើតមានបញ្ហាផ្សេងទៀតដែរ នោះគឺការកើនឡើងនៃការ រំលោភបំពានជាតិសាសន៍ ដែលកើតចេញពីការរើសអើងគ្នាក្នុងសង្គមតែម្តង។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦។

ប៉ូលិសអង់គ្លេស បានរាយការណ៍ពីការកើនឡើងនៃចលនា បំផុសឲ្យមានការរើសអើងជាតិសាសន៍ ដូចជាកាលពីពេល ថ្មីៗនេះ មានការបិទក្រដាសលើរថយន្តក្បែរសាលារៀនមួយ ដោយសរសេរថា «យើងចាកចេញពី EU ហើយ ដូច្នេះមិនត្រូវមានជនជាតិប៉ូឡូញរស់នៅខុសច្បាប់ទៀតទេ»។ ដោយឡែកនៅភាគខាងលិចទីក្រុងឡុងដ៍ ប៉ូលិសក៏បាន ទទួលរបាយការណ៍ពីសកម្មភាព បំផុសឲ្យមានការរើសអើងជាតិសាសន៍មួយចំនួនទៀតដែរ។

ដោយឡែកសហគមន៍ម៉ូស្លីមនៅអង់គ្លេស ក៏បានប្តឹងមកសមត្ថកិច្ចអង់គ្លេសដែរ ពីការដែលពួកគេបានទទួលសាររើស អើង និងគំរាមបណ្តេញចេញទៅក្រៅស្រុកជាច្រើន ដែលសរុបទៅក៏មានជាង ១០០ករណីដែរ ចាប់តាំងពីពេលដែលអង់គ្លេស សម្រេចចិត្តចាកចេញពីអឺរ៉ុប កាលពីសប្តាហ៍មុន។

លោក Shuja Shafi អគ្គលេខាធិការក្រុមប្រឹក្សាម៉ូស្លីមនៃចក្រភពអង់គ្លេសបានលើកឡើងថា «យើងពិតជា តក់ស្លុត និងភ័យខ្លាច ចំពោះការបញ្ចេញមតិរបស់បណ្តាជនមួយចំនួន ដែលបានបង្ហាញពីការស្អប់និងយកពួកយើងជាមុខព្រួញ នៃការប្រកាន់ពូជសាសន៍។ យើងត្រូវការមេដឹកនាំដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ ព្រោះប្រទេសយើង កំពុងតែជួបវិបត្តិនយោបាយដែលមិនធ្លាប់មាន ដែលវាកំពុងតែគំរាមកំហែងដល់សន្តិភាពសង្គមទាំងមូល»៕