(អវកាស)៖ ក្រោយពីបានបំពេញបេសកកម្មនៅទីអវកាស អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ក្រុមតារាវិទូអង្គការ NASA បានសម្រេចបន្ថែមពេលវេលា ៥ឆ្នាំទៀត សម្រាប់កែវយឺតអវកាស Hubble ដើម្បីផ្តិតយករូបភាពទាំងឡាយ ប្រកបដោយអត្ថប្រយោជន៍ សម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បន្ថែមទៀត។ នេះបើតាមការ ចេញផ្សាយមុននេះ បន្តិច ដោយសារព័ត៌មានអវកាសអាមេរិក នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១៦។

ការសម្រេចបែប​នេះ ក៏ព្រោះតែអង្គការ NASA មានគំរោងបញ្ជូន កែវយឺតអវកាសថ្មី ដែលមានសមត្ថភាពខ្លាំងជាង។ តាមពិតទៅ Hubble អាចរស់បាននៅរយៈពេល ១៥ឆ្នាំទៀតឯណោះ ប៉ុន្តែដើម្បី បង្កាការបាត់បង់ណាមួយ ជាយកថា ហេតុនៅក្នុងទីអវកាស ទើបគេត្រូវបញ្ជាវាឲ្យត្រឡប់មកផែនដីវិញ នៅពេលដែលវានៅមាន ដំណើរការល្អនៅឡើយ។

គួរបញ្ជាក់ថា នារយៈពេលជាង ២០ឆ្នាំមកនេះ Hubble បានជួយ ក្រុមតារាវិទូ ស្វែងយល់ពីការវិវឌ្ឍវត្ថុនានានៅក្នុង ទីអវកាស តាមរយៈរូបភាពរាប់ពាន់សន្លឹក ដែលបង្ហាញពីចលនាគ្រប់ទំរង់នៃ ផ្កាយ នីបូឡា និង ពពកធូលី ដែលស្ថិតនៅក្នុងកាឡាក់ស៊ី ព្រមទាំងកាឡាក់ស៊ីដទៃៗទៀតដែលនៅក្បែរយើង។

រហូតទៅដល់ឆ្នាំ ២០២១ ខាងមុខនេះ Hubble នឹងដើរតួនាទីក្នុង ការអង្កេតមើលបម្រែបម្រួលនៃប្រព័ន្ធព្រះអាទិត្យ និង វត្ថុនានា ដែលនៅក្បែរយើង។ ដោយឡែកផ្កាយរណបដែលនឹងមកជំនួស តំណែងរបស់ Hubble នោះគឺកែវយឺតអវកាស James Webb គ្រោង បង្ហោះនៅឆ្នាំ ២០១៨ ដែលវានឹងមានសមត្ថភាព អាចវិភាគកម្ទេច ធូលីពីផ្កាយ និងធ្វើការគណនាដោយស្វ័យប្រវត្តិទៅរកពេលវេលា ដែលផ្កាយនោះចាប់កំណើតតែម្តង៕