(ឡុងដ៍)៖ ការដាក់មនុស្សជំនួសលោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ព្រមទាំងមេដឹកនាំគណបក្សអភិរក្សនិយម និងមេដឹកនាំចក្រភពអង់គ្លេស អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ នេះបើតាមប្រភពពី គណៈកម្មាធិការ ទទួលបន្ទុកបោះឆ្នោតមេដឹកនាំរបស់គណបក្ស ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

«យើងសូមបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតមេដឹកនាំថ្មី នៃគណបក្សអភិរក្សនិយម នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយចប់សព្វគ្រប់ មិនលើសពីថ្ងៃសុក្រ ទី០២ ខែកញ្ញានោះទេ, បើទោះយ៉ាងណាក្តី ការ​ធ្វើឲ្យចប់មុន អាចនឹងធ្វើទៅបាន»។ នេះបើតាមសម្តីលោក Graham Brady ប្រធានគណៈកម្មាធិការ ទទួលបន្ទុកបោះឆ្នោតមេដឹកនាំរបស់គណបក្ស បានលើកឡើងយ៉ាងដូច្នេះ។

សូមជម្រាបថា ក្រោយពីដឹងលទ្ធផលថា ចក្រភពអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុប តបតាមលទ្ធផលនៃការបោះឆ្នោតធ្វើប្រជាមតិ ដែលបានចេញតែប៉ុន្មានម៉ោងនោះ លោក David Cameron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ក៏បានប្រកាសពីគម្រោងលាលែងចេញពីតំណែងនៅខែតុលា ខាងមុខនេះជាផ្លូវការ៕