(ឥណ្ឌូនេស៊ី)៖ ប្រទេសកម្ពុជាផ្ទេរតំណែង ប្រធានក្រុមប្រឹក្សាពិគ្រោះយោលបល់ធុរកិច្ចអាស៊ាន ទៅឲ្យប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោលបល់ធុរកិច្ចអាស៊ានពីកម្ពុជាទៅឥណ្ឌូនេស៊ី ទៅឲ្យ លោក អារសាដ រ៉ាជីដ (Arsjad Rasjid) ធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣។

ពីធីផ្ទេរតំណែងជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បណ្ឌិត ហ្ស៊ូលគីភ្លី ហាសាន (Zulkifli Hasan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំងដប់ប្រទេស ក្រុមប្រឹក្សាធុរកិច្ចចម្រុះ តំណាងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនៃពិធីផ្ទេរតំណែងនេះ អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ដែលសម្រេចបានអំឡុងពេលឆ្នាំ២០២២ ដែលអ្នកឧកញ៉ា ធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការជំរុញនិងលើកកម្ពស់តួនាទីរបស់វិស័យឯកជនឲ្យក្លាយជាដៃគូដ៏សំខាន់ចូលរួមកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន បើទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមនៃបញ្ហាសេដ្ឋកិច្ចសាកល និង ភូមិសាស្ត្រនយោបាយក៏ដោយ។

អ្នកឧកញ៉ា បានថ្លែងអំណរគុណ ចំពោះការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធដែលនាំទៅដល់ជោគជ័យ និងសមិទ្ធផលជាច្រើនអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ស្នើឲ្យមានការគាំទ្រពេញទំហឹងចំពោះ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ ដើម្បីប្រយោជន៍រួមនៃវិស័យឯកន និងជូនពរប្រធានថ្មី ទទួលបាននូវជោគជ័យ ក្នុងការដឹកនាំ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច៕