(ពោធិ៍សាត់)៖ លោក សុខ ម៉េង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់ដំណែង អនុប្រធាន និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

បន្ទាប់ពីពិធីប្រកាសអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំនួន៥នាក់នោះរួចមក លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ដែលទើបទទួលតំណែងថ្មី ក៏ដូចជា តំណាងមន្ត្រីទាំងអស់ បានប្ដេជ្ញាចិត្តចូលរួមអនុវត្តតាមគោលនយោយបាយយុទ្ធសាស្ត្រ និងកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ព្រមទាំងបានខិតខំបំពេញតួនាទីជាអនុប្រធានមន្ទីរ ប្រែក្លាយ​ទៅជា​សកម្មភាព​ប្រតិបត្តិការជាក់ស្ដែងយ៉ាងសកម្ម និងល្អប្រសើរ ហើយចូលរួមសហការជាមួយមន្ទីរ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលរាល់ការអនុវត្តន៍​ភារកិច្ចឲ្យបាន​ល្អប្រ​សើរ គោរពវិន័យការងារ រក្សាសាមគ្គីឯកភាព ផ្ទៃក្នុងឲ្យបានរឹងមាំ ។

លោក អ៊ឹង គឹមលាង និងលោក សុខ ម៉េង បានផ្ដាំផ្ញើចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ច ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាបាល និងប្រជាពលរដ្ឋ លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងការថែរក្សានូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ពិសេសអនុប្រធាន ដែលទើបបានតែងតាំងថ្មី ត្រូវសហការ​សាមគ្គី​ភាពផ្ទៃក្នុង ឲ្យបានកាន់តែស្អិតរមួត ជាមួយប្រធាន និងអនុប្រធានមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់ ឲ្យបានកាន់តែល្អប្រសើរ ដើម្បីរួមគ្នា​ក្នុងការអភិវឌ្ឍន៍ ឲ្យបានកាន់តែមានប្រសិទ្ធភាព និងខិតខំយកចិត្តទុកដាក់​ក្នុងការទំនាក់ទំនងឲ្យ​បានជិតស្និតជាមួយអាជ្ញាធរ​ដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធនានា ដើម្បីសហការក្នុងការអភិវឌ្ឍន៍ និងបំរើសេវាសាធារណៈ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព លើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គមជាតិ ឲ្យបានកាន់តែល្អប្រសើរ៕